ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញក្រុមហ៊ុនចិន ឱ្យបន្តពិនិត្យលទ្ធភាពពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អមដំណើរដោយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ លោកប្រធានក្រុមហ៊ុន CCECC បានជម្រាបជូនដោយសង្ខេបអំពីសាវតា និងសមត្ថភាពឯកទេសរបស់ក្រុមហ៊ុន CCECC ដែលជាសហគ្រាសរដ្ឋខ្នាតធំមួយរបស់ចិន មានជំនាញនិងបទពិសោធន៍ខ្ពស់ក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមមាន៖ ការសាងសង់ស្ពាន ផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន និងតំបន់សួនឧស្សាហកម្មជាដើម។
ទាក់ទិននឹងការវិនិយោគនៅកម្ពុជា លោក Wang Xiangdong ក៏បានរាយការណ៍ជូនផងដែរ អំពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន ដែលក្រុមហ៊ុនកំពុងសហការយ៉ាងសកម្មជាមួយភាគីកម្ពុជា ហើយឈានទៅបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនាពេលខាងមុខ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន CCECC ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា ភាគីកម្ពុជាកំពុងរង់ចាំពិនិត្យមើលលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមហ៊ុន ដែលនឹងត្រូវដាក់ជូននាពេលខាងមុខ ដើម្បីធ្វើការវាយតម្លៃមុននឹងបន្តជំហានបន្ទាប់។
តាមរយៈជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់ការលើកទឹកចិត្ត និងជំរុញបន្ថែមដល់ក្រុមហ៊ុន CCECC ឱ្យបន្តពិនិត្យលទ្ធភាព ក្នុងការពង្រីកឱកាសវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការបណ្តាក់ទុនលើវិស័យអាទិភាពសំខាន់ៗដែលផ្តល់តម្លៃបន្ថែមខ្ពស់ សំដៅលើកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលជាដើម៕ អត្ថបទ៖ហ្សាលីន



