អាម៉េរិក កំពុងពិចារណាជួយគាំទ្រផ្នែកហិរញ្ញប្បទាន សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

សង្គម​ និង​សេដ្ឋកិច្ច

សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក កំពុងពិចារណាលទ្ធភាព លើការគាំទ្រផ្នែកហិរញ្ញប្បទាន សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសាងសង់ជិតរួចរាល់។ នេះបើតាមសារព័ត៌មាន Nikkei Asia បានចុះផ្សាយ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមប្រភពខាងលើ ភ្នាក់ងារផ្ដល់ហិរញ្ញប្បទានមួយនេះ នឹងចេញផ្សាយឯកសារអំពីការវាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គម (ESAI) នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតក្នុងខេត្តកណ្ដាល ចម្ងាយ ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានតម្លៃ ១,៥ពាន់លានដុល្លារ។ ឯកសារទាំងនេះ នឹងត្រូវបើកចំហសម្រាប់សាធារណៈមតិ រហូតដល់ថ្ងៃ ១២ ខែកក្កដា ប៉ុន្ដែមិនបានបញ្ជាក់អំពីទំហំហិរញ្ញប្បទាន និងលក្ខខណ្ឌហិរញ្ញប្បទាន ដែលបានស្នើឡើងនោះទេ។

ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដ៏ធំជាប្រវត្តិសាស្ត្រ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យមានការបោះផ្សាយលក់បណ្ណបំណុល ដោយក្រុមហ៊ុន OCIC ដែលជាអ្នកវិនិយោគសាងសង់គម្រោងព្រលានយន្ដហោះថ្មីនេះ ដោយការបោះផ្សាយបណ្ណបំណុលមាន អត្រាការប្រាក់ ឬកូប៉ុង ៥,៥% ក្នុងមួយឆ្នាំ និងមានការសងត្រឡប់វិញរយៈពេល ៣ឆ្នាំ។ បណ្ណបំណុលដែលបានបោះផ្សាយទាំងនោះ ត្រូវបានទិញក្នុងទំហំធំ ដោយធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និង ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ដែលមានតម្លៃសរុបប្រមាណ ៣០០លានដុល្លារ។

សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) ត្រូវបានបង្កើតឡើងដោយ លោក ដូណាល់ ត្រាំ អំឡុងពេលអាណត្តិដំបូងរបស់លោក ដើម្បីផ្ដល់ហរិញ្ញប្បទានដល់គម្រោងវិនិយោគឯកជន។ ទោះយ៉ាងណា ការផ្តល់ហិរញ្ញប្បទានរបស់ DFC ក៏តម្រូវឱ្យមានលក្ខខណ្ឌអនុលោមតាមសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារពិភពលោក រួមបញ្ចូលទាំងផលប៉ះពាល់ដល់ការតាំងលំនៅរបស់ប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជំហានទី១ នឹងបើកដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) ដែលជាការរួមទុនគ្នារវាងក្រុមហ៊ុន OCIC របស់ លោកអ្នកឧកញ៉ា ពុង ឃាវសែ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA)។ រាជរដ្ឋាភិបាលកម្ពុជារំពឹងថា អាកាសយានដ្ឋានថ្មីតម្លៃ ១,៥០០លានដុល្លារ នឹងអាចទទួលបានអ្នកដំណើរសរុបប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ៕

ប្រភព៖ Nikkei Asia