ខេត្តកំពង់ស្ពឺ កំពុងដំណើរការគម្រោងវិនិយោគផលិតសំបកកង់យានយន្ត អាចផលិតប្រមាណ៦២.៥០០សំបក ក្នុងមួយខែ

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តកំពង់ស្ពឺ កំពុងដំណើរការគម្រោងវិនិយោគផលិតសំបកកង់យានយន្ត ផ្គុំដំឡើងកង់រថយន្ត ដោយមានការចូលរួមបង្កើតការងារបានប្រមាណជាង១០០កន្លែង ជូនដល់ប្រជាពលរដ្ឋនៅតំបន់នោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈកម្មការអន្តរក្រសួង ស្ថាប័ន ចុះពិនិត្យស្ថានភាពជាក់ស្ដែង របស់គម្រោងវិនិយោគ ផលិតសំបកកង់យានយន្ត យ៉ាន់ គ្រឿងបង្គំយ៉ាន់ និងផ្គុំដំឡើងកង់រថយន្ត របស់ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. នេះ ដែលមានទីតាំអស្ថិតក្នុងភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដំណើរចុះពិនិត្យនេះ ក៏មានការចូលពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគ និងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗរបស់ក្រុមហ៊ុនផងដែរ។

សូមបញ្ជាក់ផងដែលថា ក្រុមហ៊ុនទទួលបានគោលការណ៍វិនិយោគ ពី គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ និងបច្ចុប្បន្នកំពុងដំណើរការផលិតកម្ម ដោយចូលរួមបង្កើតការងារបានប្រមាណជាង១០០កន្លែង។

បច្ចុប្បន្នក្នុងជំហានដំបូង ក្រុមហ៊ុនកំពុងដំណើរការផលិតសំបកកង់រថយន្ត (សំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺម៉កសណ្តោង) ដែលមានសមត្ថភាពផលិតប្រមាណ៦២.៥០០សំបក ក្នុងមួយខែ សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស៕ អត្ថបទ៖ហ្សាលីន