សមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែតុលា ដឹកនាំគណៈប្រតិភូសមាគម អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។

ការដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការតភ្ជាប់គោលនយោបាយ យន្តការ និងវិធានការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡា គ្រប់ជ្រុងជ្រោយ និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាស។

ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រនេះឱ្យទទួលបានលទ្ធផលជាក់ស្តែង រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំវិធានការសំខាន់ៗមួយចំនួន រួមមាន៖ ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមជាច្រកចេញចូលតែមួយ ការរៀបចំគម្រោងសាកល្បងសម្រាប់ការចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតជាកញ្ចប់តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យ CamDX ការពង្រីកសេវាសាធារណៈអេឡិចត្រូនិកសម្រាប់ MSMEs និងការរៀបចំលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ សម្រាប់ការគ្រប់គ្រងវដ្តអាជីវកម្ម និងការផ្តល់ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ។

យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចដែលអាចចាត់ទុកថាជា MSMEs ប្រមាណ ៧៥ម៉ឺនអង្គភាព ដែលប្រើប្រាស់កម្លាំងពលកម្មប្រមាណ ៣លាននាក់ ក្នុងនោះស្ត្រីមានប្រមាណ ១,៨លាននាក់។ MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារលើសពី ៧០% ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។

តួលេខទាំងនេះ បង្ហាញយ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់ MSMEs ក្នុងការរក្សាចលនាសេដ្ឋកិច្ច បង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិនេះ បានបង្ហាញពីការគាំទ្រយ៉ាងមុតមាំចំពោះគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ MSMEs ឱ្យកាន់តែរឹងមាំ មានភាពប្រកួតប្រជែង និងមានសមត្ថភាពចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់។

ក្នុងនាមជាស្ថាប័នវិស័យឯកជនដែលប្រមូលផ្តុំដោយធុរជន និងវិនិយោគិនលើពហុវិស័យ សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតី «គិតជាមួយគ្នា ធ្វើជាមួយគ្នា និងទទួលខុសត្រូវរួមគ្នា» ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសកម្ពុជា បង្កើតការងារ ពង្រឹងផលិតភាព និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ រុងរឿង និងមានចីរភាព។