កម្ពុជា-ឡាវ រួមគ្នារុញច្រានទេសចរណ៍ឆ្លងដែន និងកញ្ចប់ទស្សនកិច្ចរួម

សង្គម​ និង​សេដ្ឋកិច្ច


លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី ស៊ួនសាវ៉ាន់ វិញ៉ាខេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ បានអញ្ជើញជាគណៈអធិបតីរួមគ្នាបើក «កម្មវិធីតភ្ជាប់បណ្តាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍» នៅទីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះមានការអញ្ជើញចូលរួមពីលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនប្រមាណ ២០០នាក់។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រួលការធ្វើដំណើរឆ្លងដែន ការផ្តល់ព័ត៌មាននីតិវិធីច្បាស់លាស់ ពង្រឹងការតភ្ជាប់មធ្យោបាយដឹកជញ្ជូន និងលើកកម្ពស់សេវាកម្មបដិសណ្ឋារកិច្ចឱ្យកាន់តែងាយស្រួល មានសុវត្ថិភាព និងទុកចិត្តបាន។

ការសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ អាជ្ញាធរព្រំដែន អាជ្ញាធរដឹកជញ្ជូន និងរដ្ឋបាលខេត្តនៃប្រទេសទាំងពីរ នឹងជួយដោះស្រាយបញ្ហាប្រឈមជាក់ស្តែង សំដៅជំរុញកំណើនលំហូរភ្ញៀវទេសចរឱ្យធ្វើដំណើរកម្សាន្តឆ្លងកាត់ប្រទេសទាំងពីរក្នុងដំណើរតែមួយ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន បន្តពង្រឹងកិច្ចសហការលើការផ្សព្វផ្សាយរួម ការផ្គូផ្គងធុរកិច្ច និងការវិនិយោគលើផលិតផលទេសចរណ៍ប្រកបដោយចីរភាព។

ជាពិសេស លោក ហួត ហាក់ បានលើកទឹកចិត្តឱ្យមានការបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍រួម តភ្ជាប់គោលដៅសំខាន់ៗរវាងកម្ពុជា និងភាគខាងត្បូងនៃប្រទេសឡាវ ចម្បងគឺខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដោយផ្សារភ្ជាប់សម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក រួមមានប្រាសាទអង្គរ និងប្រាសាទវត្តភូ ព្រមទាំងតំបន់ទេសភាពធម្មជាតិ និងសហគមន៍តាមដងទន្លេមេគង្គ ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕