កម្ពុជា និងក្រុមហ៊ុនជប៉ុន រួមមានក្រុមហ៊ុន TOKO Electrical Construction Co., Ltd. និងក្រុមហ៊ុន KJP Kakehashi Co., Ltd. បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបច្ចេកទេស និងការបើកឱកាសការងារជាក់ស្ដែងលើជំនាញវិស្វកម្មអគ្គិសនី និងការសាងសង់ ជូនដល់ពលរដ្ឋ និងអ្នកបច្ចេកទេសកម្ពុជា ដើម្បីទៅបំពេញការងារនៅប្រទេសជប៉ុន។

ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជាមួយលោក Kengo Ichinoki នាយកប្រតិបត្តិក្រុមហ៊ុន TOKO និងលោក Shogo Nakajima នាយកប្រតិបត្តិក្រុមហ៊ុន KJP Kakehashi កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ។
នៅក្នុងជំនួបនោះ លោក Kengo Ichinoki បានគូសបញ្ជាក់អំពីបំណងពង្រីកភាពជាដៃគូជាមួយកម្ពុជា តាមរយៈការបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកបច្ចេកទេសកម្ពុជា ក្នុងការទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ និងបទពិសោធន៍ការងារជាក់ស្តែងនៅប្រទេសជប៉ុន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន TOKO បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន KJP Kakehashi ដើម្បីផ្តល់ការគាំទ្រ និងជួយសម្របសម្រួលដល់ពលករជំនាញកម្ពុជា ឱ្យឆាប់សម្របខ្លួនទៅនឹងការងារ និងការរស់នៅស្របតាមបរិយាកាស និងស្តង់ដារការងាររបស់ជប៉ុន។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត ជុំ សុន្ទរី បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ ដោយបានសង្កត់ធ្ងន់ថា ឱកាសការងារនៅជប៉ុន គឺជាស្ពានដ៏សំខាន់ជួយលើកកម្ពស់កម្លាំងពលកម្មកម្ពុជាឱ្យទទួលបានចំណេះដឹងបច្ចេកទេស ជំនាញច្បាស់លាស់ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងពីរ បន្តស្វែងរកឱកាសពង្រីកការផ្ទេរជំនាញ និងពិចារណាលើការបណ្តាក់ទុនវិនិយោគក្នុងវិស័យថាមពល និងវិស្វកម្មអគ្គិសនីនៅកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ភាគីទាំងសងខាង ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕




