អ៊ីនឆ័ន៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ជាថ្ងៃទី២ នៃបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគនៅក្នុងសាធារណរដ្ឋកូរ៉េ អ្នកឧកញ៉ា គួន ធីតា បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបំពេញទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group ក្នុងគោលបំណងសិក្សាស្វែងយល់អំពីសកម្មភាពប្រប្រតិបត្តិការ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពី លោក Joo Bong Park ប្រធានក្រុមហ៊ុន ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិក និយោជិតជាច្រើនរូប។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីកាលានុវត្តភាពថ្មីៗនៃកម្ពុជា ជូនដល់គណៈគ្រប់គ្រងក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ពិចារណាលើការបង្កើនការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនកំពុងតែមានប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េ។
សូមជម្រាបផងដែរថា Daejoo KC Group ជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅសាធារណរដ្ឋកូរ៉េ ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៨៨ មានប្រតិបត្តិការក្នុងវិស័យផ្សេងដូចជា៖ ឧស្សាហកម្មលោហធាតុ គីមី ភស្តុភារកម្ម សំណង់ គ្រឿងបង្គុំរថយន្ត និងថាមពល។ ដោយឡែកនៅកម្ពុជា Daejoo KC Group មានប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២ រួមមាន៖ CAMKO MOTOR ជាក្រុមហ៊ុនដំឡើងរថយន្តម៉ាក Hyundai សម្រាប់ទីផ្សារក្នុងស្រុក, ផលិតខ្សែភ្លើងរថយន្ត (Wire Harness) សម្រាប់ការនាំចេញ ដែលបង្កើការងារជិត៥០០កន្លែង និង CAMKO INFRACORE ជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តម៉ាក Hyundai និង KIA ពីសាធារណរដ្ឋកូរ៉េ ព្រមទាំងផ្តល់សេវាកម្មថែទាំ និងផ្គត់ផ្គង់គ្រឿងបន្លាស់ផងដែរ។






















