(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំកម្មវិធី សិក្ខាសាលាស្តីពី “ការងារការទូតទេសចរណ៍ និងទេសចរណ៍ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយការទូតម្ហូបអាហារ” ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ “ខ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” តំណាងផ្នែកឯកជន។

សិក្ខាសាលានេះក៏មានការចូលរួមផងដែរសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារ “ខ” ផ្នែកឯកជន តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុនឯកជនក្នុងវិស័យទេសចរណ៍ អ្នកផលិតមាតិកា និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ប្រមាណ ២០០នាក់។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះមានគោលបំណង ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងលើកកម្ពស់ការប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា ដោយចាប់យកមុំនៃការផ្សព្វផ្សាយលើការទូតទេសចរណ៍ និងទេសចរណ៍ម្ហូបអាហារ និងដើម្បីឱ្យក្រសួងទេសចរណ៍មាននូវធាតុចូលជាគន្លឹះពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដាក់ចេញនូវផែនការសកម្មភាពអនុវត្តឱ្យបានចំគោលដៅ។
តាមរយៈសិក្ខាសាលានេះ ឧកញ៉ាសហប្រធានក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” បានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការធ្វើពិពិធកម្មសក្តានុពលទេសចរណ៍ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយនឹងការទូតម្ហូបអាហារកម្ពុជា” ដោយមានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងពាណិជ្ជកម្ម រួមនិងតំណាងសមាគមនចុងភៅកម្ពុជាផងដែរ៕






រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា

