ឧកញ៉ា លូ ម៉េង ចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី “ការងារការទូតទេសចរណ៍ និងទេសចរណ៍ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយការទូតម្ហូបអាហារ”

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំ​កម្មវិធី សិក្ខាសាលាស្តីពី “ការងារការទូតទេសចរណ៍ និងទេសចរណ៍ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយការទូត​ម្ហូបអាហារ” ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ “ខ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” តំណាងផ្នែក​ឯកជន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះក៏មានការចូលរួមផងដែរសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារ “ខ” ផ្នែកឯកជន តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុនឯកជនក្នុងវិស័យទេសចរណ៍ អ្នកផលិតមាតិកា និងអ្នកពាក់ព័ន្ធ​ក្នុងវិស័យទេសចរណ៍ប្រមាណ ២០០នាក់។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះមានគោលបំណង ដើម្បីពង្រីក​វិសាលភាពនៃការផ្សព្វផ្សាយ និងលើកកម្ពស់ការប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា ដោយចាប់យកមុំ​នៃការផ្សព្វផ្សាយលើការទូតទេសចរណ៍ និងទេសចរណ៍ម្ហូបអាហារ និងដើម្បីឱ្យក្រសួងទេសចរណ៍មាននូវ​ធាតុចូលជាគន្លឹះពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដាក់ចេញនូវផែនការសកម្មភាពអនុវត្តឱ្យបានចំគោលដៅ។

តាមរយៈសិក្ខាសាលានេះ ឧកញ៉ាសហប្រធានក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” បានអញ្ជើញជាវាគ្មិន​ក្នុងកិច្ច​ពិភាក្សា​លើប្រធានបទ “ការធ្វើពិពិធកម្មសក្តានុពលទេសចរណ៍ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយនឹងការទូត​ម្ហូបអាហារកម្ពុជា” ដោយមានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងពាណិជ្ជកម្ម រួមនិងតំណាងសមាគមនចុងភៅកម្ពុជាផងដែរ៕

រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា