Suga ដែលជាសមាជិកម្នាក់នៃក្រុមចម្រៀង K-pop ដ៏ល្បីល្បាញ BTS ត្រូវបានគេរាយការណ៍ថា បានទទួលប្រាក់ចំណេញរហូតដល់ ៤០ដងនៃការវិនិយោគរបស់រូបគេ បន្ទាប់ពីបានបោះទុននៅក្នុងក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋី Elon Musk តាំងពីដំបូង។

យោងតាមកាសែត Edaily របស់កូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃទី២៩ មិថុនា ដោយដកស្រង់ចេញពីធនាគារវិនិយោគដោយមិនបានបញ្ចេញឈ្មោះមួយថា តារាចម្រៀង Suga បានវិនិយោគនៅក្នុងក្រុមហ៊ុន SpaceX តាមរយៈ Link Asset Partners ដែលជាក្រុមហ៊ុនមូលធនបណ្តាក់ទុនរបស់កូរ៉េខាងត្បូង នៅមុនឆ្នាំ២០២២។ ប៉ុន្តែទោះជាយ៉ាងណាក របាយការណ៍នេះមិនបានបង្ហាញពីទំហំនៃការវិនិយោគនោះឲ្យដឹងនោះទេ។
គួរឲ្យដឹងថា ក្រុមហ៊ុន SpaceX ត្រូវបានបង្កើតឡើងដំបូងដោយលោក Musk ក្នុងឆ្នាំ២០០២ មានតម្លៃមូលធនទីផ្សារប្រហែល ៤៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ហើយបានកើនឡើងដល់ ១០០ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ប៉ុន្តែក្រោយពីបានចេញលក់ IPO ជាលើកដំបូង កាលពីថ្ងៃទី១២ ខែមិថុនាឆ្នាំនេះ SpaceX បានកើនតម្លៃមូលធនទីផ្សាររហូតដល់ ១,៧៧ទ្រីលានដុល្លារ។
ហើយយ៉ាងណាមិញ ដោយផ្អែកទៅលើការវាយតម្លៃនាពេលថ្មីៗនេះ ការវិនិយោគរបស់ Sugar នៅក្នុងក្រុមហ៊ុន SpaceX ដែលបានធ្វើឡើងតាំងពីមុនឆ្នាំ២០២២ មកនោះ បានកើនឡើងរហូតដល់ទៅ ៤០ដងឯណោះ។ នេះបើយោងតាមសារព័ត៌មាន StarNews របស់កូរ៉េខាងត្បូង៕

