ស្ងាត់ៗ ស្តេច YouTuber MrBeast ឡើងងារជាមហាសេដ្ឋីវ័យក្មេងបំផុតមួយរបស់ពិភពលោក

អន្តរជាតិ

Jimmy Donaldson ឬត្រូវបានស្គាល់ជាទូទៅថា MrBeast ដែលជាកំពូលតារា YouTuber ដ៏ល្បីល្បាញបំផុត បានវិវត្តន៍ខ្លួនក្លាយជាមហាសេដ្ឋីដ៏វ័យក្មេងបំផុតម្នាក់របស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបកើនឡើងដល់ខ្ទង់ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ ​​Celebrity Net Worth បានបង្ហាញឲ្យដឹងថា MrBeast ត្រូវបានដាក់ឲ្យជាប់នៅក្នុងបញ្ជីឈ្មោះជាមហសេដ្ឋីវ័យក្មេងបំផុតលំដាប់ទី០៨ របស់ពិភពលោក ជាមួយនឹងវ័យក្រោម ៣០ឆ្នាំ​ បន្ទាប់ពីទ្រព្យសម្បត្តិរបស់គេ បានកើនឡើងដល់ប្រហែល ១ពាន់លានដុល្លារ។

គួរឲ្យដឹងថា MrBeast កើតនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៨ នៅទីក្រុង Greenville រដ្ឋ North Carolina ហើយបានចាប់ផ្តើមដំណើរការ YouTube របស់ខ្លួន នៅក្នុងវ័យ ១២ឆ្នាំ ក្រោមឈ្មោះដំបូងថា “MrBeast6000″។ រូបគេគឺជាសិស្សបញ្ចប់ការសិក្សានៅសាលា Greenville Christian Academy ប៉ុន្តែក្រោយមកបានងាកមកផ្តោតលើការបង្កើតមាតិកាពេញម៉ោងវិញ បន្ទាប់ពីបានសម្រេចចិត្តឈប់រៀននៅមហាវិទ្យាល័យ។

បច្ចុប្បន្ន MrBeast ត្រូវបានចាត់ទុកថាជាបុគ្គលដ៏លេចធ្លោបំផុតម្នាក់នៅបណ្តាញសង្គម ដោយមានអ្នកតាមដានរាប់លាននាក់ តាមរយ:ការបង្កើតមាតិកាប្លែកៗ បង្ហោះលើ YouTube ក៏ជាតាមរយ:សកម្មភាពមនុស្សធម៌របស់ខ្លួនជាច្រើនផងដែរ។

ជម្រាបជូនថា Channel YouTube របស់ MrBeast មានអ្នកតាមដានរហូតដល់ទៅ ៣៩៧ លាននាក់ ដែលបានក្លាយជា Channel YouTube មាន Subscribers ច្រើនជាងគេនៅទូទាំងពិភពលោក។ ហើយក្រៅពីទទួលបានពី YouTube ប្រភពចំណូលធំៗផ្សេងទៀតរបស់ MrBeast មានដូចជាការបើកហាងលក់បឺហ្គឺ MrBeast Burger និងហាងលក់សូកូឡា Feastables ជាដើម៕