អ៊ីរ៉ង់ លក់ប្រេងបានជាង ៤០ លានបារ៉ែល ក្នុងរយៈពេលត្រឹមពីរសប្តាហ៍ ក្រោយអាមេរិកបើកផ្លូវ

អន្តរជាតិ

បន្ទាប់ពីសហរដ្ឋអាមេរិក បានដកចេញវិធានការបិទខ្ទប់កំពង់ផែ នៅពាក់កណ្តាលខែមិថុនាមក បាននាំឲ្យមានការកើនឡើងយ៉ាងខ្លាំង ទាំងការនាំចេញប្រេង និងតម្លៃប្រេងរបស់អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៣០ ខែមិថុនា ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា ប្រទេសរបស់ខ្លួន បាននាំចេញប្រេងឆៅជាង ៤០ លានបារ៉ែលក្នុងរយៈពេលពីរសប្តាហ៍ ពោលគឺចាប់តាំងពីសហរដ្ឋអាមេរិកបានដកការបិទច្រកកំពង់ផែរបស់ខ្លួន។ ប្រេងឆៅអ៊ីរ៉ង់ក៏កំពុងលក់ក្នុងតម្លៃខ្ពស់ជាងមុនជម្លោះប្រហែល ២០% ផងដែរ។

លោក Ghalibaf បាននិយាយនៅក្នុងបទសម្ភាសមួយដែលបានបង្ហោះនៅលើ Channel Telegram របស់លោកថា អ៊ីរ៉ង់មិនអាចលក់ប្រេងបានសូម្បីតែមួយបារ៉ែលក្នុងអំឡុងពេលបិទច្រកប្រហែលពីរខែកន្លងមកនេះ។

ទន្ទឹមនឹងនេះ នៅថ្ងៃទី១ ខែកក្កដា ក្រុមហ៊ុនតាមដានកប៉ាល់ដឹកប្រេង TankerTrackers.com បានប៉ាន់ប្រមាណថា អ៊ីរ៉ង់បាននាំចេញប្រេងឆៅប្រហែល ៥០ លានបារ៉ែលក្នុងរយៈពេលពីរសប្តាហ៍កន្លងមក។ ក្រុមហ៊ុនប្រើប្រាស់រូបភាពផ្កាយរណប រូបថតឆ្នេរសមុទ្រ និងប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ (AIS) ពេលវេលាជាក់ស្តែង ដើម្បីតាមដានសកម្មភាពរបស់កប៉ាល់ទាំងនោះ។

ជម្រាបជូនថា នៅថ្ងៃទី១៧ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបញ្ចប់ជម្លោះរយៈពេលជិតបួនខែ ដោយបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបន្តការចរចារយៈពេល ៦០ថ្ងៃឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។ យោងតាមអនុស្សរណៈនេះ អ៊ីរ៉ង់បានយល់ព្រមអនុញ្ញាតឱ្យកប៉ាល់ឆ្លងកាត់ច្រក Hormuz ដោយមិនគិតថ្លៃរយៈពេល ៦០ថ្ងៃ ផងដែរ៕​