ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួន កើនឡើងដល់ជាង ៦០០លានដុល្លារ កាលពីឆ្នាំមុន ដែលទទួលបានពីមុខជំនួញធំៗជាច្រើនរបស់ខ្លួន ជាពិសេសពីរូបិយប័ណ្ណគ្រីបតូ ទីលានវាយកូនហ្គោល និងការលក់សិទ្ធិអាជីវកម្មខ្លួនជាដើម។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍អំពីប្រាក់ចំណូលប្រចាំឆ្នាំសារពើពន្ធ ២០២៤ របស់លោក ត្រាំ ដោយភាគច្រើន គឺទទួលបានពីមុខជំនួញរាប់មិនអស់របស់ខ្លួន រួមទាំងការងាកមកវិនិយោគទៅលើរូបិយប័ណ្ណគ្រីបតូ នៅក្នុងពេលថ្មីៗនេះ ដែលផ្តល់ឲ្យលោកនូវប្រាក់ចំណូលប្រមាណជាង ៣០០លានដុល្លារ ឯណោះ។
ក្រៅពីនេះ លោក ត្រាំ ក៏ទទួលបាននូវប្រាក់ចំណូលរាប់សិបពាន់លានដុល្លារផ្សេងទៀត ពីការលក់សិទ្ធិអាជីវកម្មរបស់ខ្លួន នៅក្នុងក្រុមហ៊ុន World Liberty រួមទាំងទីលានវាយកូនហ្គោលចំនួនបីរបស់ខ្លួន គឺ Jupiter, Doral និង West Palm Beach និង Mar-a-Lago ដែលអាចរកចំណូលបានយ៉ាងហោចណាស់ជាង ២០០លានដុល្លារបន្ថែមទៀត។
គួរឲ្យដឹងផងដែរថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក លោក ត្រាំ បានប្រកាសដកខ្លួនចេញពីតួនាទីដឹកនាំក្រុមហ៊ុន Trump Organizations ឲ្យទៅកូនៗរបស់លោក ជាអ្នកកាន់កាប់ជំនួសវិញ ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុននេះ នៅតែជាប្រភពចំណូលដ៏ធំំបំផុតរបស់លោកដដែល។
ជម្រាបជូនថា យោងតាមទស្សនាវដ្ដី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោក ត្រាំ បច្ចុប្បន្នឈានដល់ចំនួនប្រមាណ៥,៣ពាន់លានដុល្លារ ដោយបានធ្វើឲ្យលោកជាប់នៅចំណាត់ថ្នាក់ទី៧០០ ក្នុងបញ្ជីមហាសេដ្ឋីមានដាច់គេលើពិភពលោក៕