ទីបំផុត ក្រុមហ៊ុនមួយរបស់មហាសេដ្ឋី Elon Musk ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មនៅឥណ្ឌា​

អន្តរជាតិ

និយតករអវកាសរបស់ប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃទី៩ ខែកក្កដាថា ខ្លួនបានសម្រេចផ្តល់អាជ្ញាប័ណ្ណទៅកាន់ក្រុមហ៊ុន Starlink របស់មហាសេដ្ឋី​ Elon Musk ដើម្បីចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផ្តល់សេវាកម្មអ៉ីនធើណិតតាមរយ:ផ្តាយរណប ដែលដឹកនាំដោយលោក Elon Musk បានរង់ចាំតាំងពីឆ្នាំ២០២២ មក សម្រាប់អាជ្ញាប័ណ្ណ ដើម្បីធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសឥណ្ឌា។ កាលពីខែមុន ក្រុមហ៊ុនអាមេរិក បានទទួលអាជ្ញាប័ណ្ណដ៏សំខាន់មួយពីក្រសួងទូរគមនាគន៍របស់ប្រទេសឥណ្ឌា ក្នុងការបាញ់បង្ហោះបណ្តាញផ្តាយរណបរបស់ខ្លួន ប៉ុន្តែត្រូវរង់ចាំការផ្តល់អាជ្ញាប័ណ្ណមួយបន្ថែមទៀត ពីនិយតករអវកាសរបស់ឥណ្ឌា ដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនបាន។

យោងតាមមជ្ឈមណ្ឌលផ្តល់សិទ្ធិ និងផ្សព្វផ្សាយអវកាសជាតិ (IN-SPACe)​ បាននិយាយថា អាជ្ញាប័ណ្ណដែលក្រុមហ៊ុន Starlink ទទួលបានពីនិយតករអវកាសរបស់ឥណ្ឌានេះ​ គឺមានសុពលភាពរយ:ពេល ៥ឆ្នាំ។

ជម្រាបជូនផងដែរថា Starlink នឹងក្លាយជាក្រុមហ៊ុនទី៣ ដែលទទួលបានការយល់ព្រមពិរដ្ឋាភិបាលប្រទេសឥណ្ឌា​ ក្នុងការចូលទៅកាន់ទីលំហ ដោយប្រទេសនេះពីមុន បានយល់ព្រមលើកម្មវិធី​ Eutelsat របស់ OneWeb និង Reliance Jio ដើម្បីផ្តល់សេវាកម្ម នៅក្នុងប្រទេស៕​