ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថាមានគម្រោងចំណាយទឹកប្រាក់ជិត ៣០០ពាន់លានផោន (៣៩៧ពាន់លានដុល្លារ) ក្នុងរយៈពេលបួនឆ្នាំខាងមុខ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចំពេលកំពុងមានការគំរាមកំហែងកើនឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមនាយករដ្ឋមន្ត្រីជិតផុតអាណត្តិលោក Keir Starmer បានប្រកាសថា ការវិនិយោគទាំងនេះ នឹងត្រូវផ្តោតសំខាន់ទៅលើការផលិត យន្តហោះគ្មានមនុស្សបើក យានយន្តបើកស្វ័យប្រវត្តិ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទប់ស្កាត់នុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស ដែលជាផែ្នកមួយនៃផែនការវិនិយោគការពារជាតិ ឬហៅថា DIP។
យ៉ាងណាមិញ ជុំវិញសំណើទាំងនេះ គេឃើញថាថវិកាបន្ថែមចំនួន ១៥ពាន់លានផោន ឬស្មើប្រមាណ ២០ពាន់លានដុល្លារ ត្រូវបានបញ្ជូលទៅក្នុងការចំណាយការពារជាតិរហូតដល់ឆ្នាំ ២០៣០ ដែលជាឆ្នាំចារកម្មចក្រភពអង់គ្លេសបានបង្ហាញថា រុស្ស៊ីអាចនឹងងាកមកវាយប្រហារមកទៅលើប្រទេសជាសមាជិករបស់អង្គការណាតូ។
គួរជម្រាបជូនផងដែរថា ផែនការនេះធ្វើឡើង បន្ទាប់ពីភាពរកាំរកូសអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងជួររដ្ឋាភិបាលរបស់លោក Starmer ពាក់ព័ន្ធទៅនឹងកញ្ចប់ថវិកាត្រូវការដើម្បីធ្វើទំនើបកម្មសមត្ថភាពប្រយុទ្ធរបស់ចក្រភពអង់គ្លេស ដើម្បីទប់ទល់នឹងការឈ្លានពានកាន់តែខ្លាំងពីប្រទេសដូចជារុស្ស៊ី និងកាត់បន្ថយការពឹងផ្អែកទៅលើសហរដ្ឋអាមេរិក ផងដែរ៕

