ក្រសួងមហាផ្ទៃ ដាក់ឱ្យអនុវត្តយន្តការថ្មី សម្រួលការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំណាកស្រុក

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យអនុវត្តយន្តការថ្មី ក្នុងការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តទៅជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលកំពុងប្រកបការងារ មុខរបរ ឬបន្តការសិក្សានៅក្រៅរាជធានី-ខេត្តនៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។ ​ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ អាចទៅស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់ខ្លួន នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តណាមួយក៏បាន ដោយពុំចាំបាច់ត្រឡប់ទៅលំនៅឋានអចិន្ត្រៃយ៍ដើមឡើយ។ ​

សូមជម្រាបជូនថា ការដាក់ចេញនូវយន្តការថ្មីនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបាននិងកំពុងធ្វើចំណាកស្រុកផ្ទៃក្នុងប្រទេស ដើម្បីស្វែងរកឱកាសការងារ និងការសិក្សា ដោយពីមុនមក ពួកគាត់តែងជួបការលំបាក និងចំណាយពេលវេលា ក៏ដូចជាថវិកាច្រើន ក្នុងការធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីស្នើសុំ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណ៕