កម្ពុជា-ហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី ខណៈភាគីទាំងពីរ ថានឹងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិកាលើវិស័យសក្តានុពលជាច្រើនថែមទៀតផងដែរ។ នេះបើយោងតាមជំនួបពិភាក្សាកាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដែលធ្វើឡើងរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា និងគណប្រតិភូ។

នាឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានសាទរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ដែលបានឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ដូចជា៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, បណ្តុះបណ្តាលវិជ្ជាជីវៈ, កសិកម្ម, វប្បធម៌, ការពារជាតិ និងសន្តិសុខ ជាដើម។
ទន្ទឹមនឹងនេះ, លោកស្រី បន្តថា សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងហ្វីលីពីន និងកម្ពុជា ដែលនេះជាពេលវេលាដ៏សំខាន់ ដែលប្រទេសទាំងពីរត្រូវបន្តពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកស្រីឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បញ្ជាក់ដែរថា កម្ពុជា និងហ្វីលីពីន នៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លា ជាពិសេស, លើវិស័យកសិកម្ម និងទេសចរណ៍។
សូមជម្រាបដែរថា ពាក់ព័ន្ធស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃវិញ តាមរយៈជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន ក៏បានគូសបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នៅនឹងបន្តអនុវត្តបេសកកម្ម ប្រកបដោយតម្លាភាព និងអព្យាក្រឹតផងដែរ៕ អត្ថបទ៖ហ្សាលីន

