ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបានជាង ២,៦ ពាន់លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន បានផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា ជាក់ស្តែងបើគិតក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន សម្រេចបានជាង ២,៦ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយ លោក អឹអិណុ អាត់ត្សឹស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងរយៈពេលបីឆ្នាំមកនេះ ដែលសម្រេចបានផ្លែផ្កាជាច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងទំនាក់ទំនងការទូត ទំនាក់ទំនងប្រជាជននិងប្រជាជន ពាណិជ្ជកម្ម ទេសចរណ៍ មនុស្សធម៌ និងវប្បធម៌ជាដើម។

សម្តេច បន្តថា ជប៉ុនជាមិត្តដែលគួរឱ្យទុកចិត្ត និងស្មោះត្រង់របស់កម្ពុជា។ ឆ្នាំនេះជាខួប៧៣ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចបន្ថែមថា ការគាំទ្ររបស់ជប៉ុនចំពោះកម្ពុជាលើគ្រប់វិស័យ ដូចជាការដោះមីន ធនធានមនុស្ស កសិកម្ម និងពាណិជ្ជកម្មជាដើមនោះ បានលេចចេញជារូបរាង និងផ្តល់ផ្លែផ្កាជាច្រើនពិតប្រាកដជូនប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែង ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ សម្រេចបានជាង ២,៦ ពាន់លានដុល្លារអាមេរិក។ ចំពោះវិស័យវិនិយោគ ប្រទេសជប៉ុននៅតែបន្តជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា ដែលមានទុនវិនិយោគសរុបចំនួន ២,៩ ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោក អឹអិណុ អាត់ត្សឹស៊ី បានយល់ស្របចំពោះប្រសាសន៍របស់សម្តេចប្រធានរដ្ឋសភា អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការជឿជាក់គ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងពលរដ្ឋនៃប្រទេសទាំងពីរ។ ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជារយៈពេល ៣ឆ្នាំមកនេះ លោកបានធ្វើដំណើរគ្រប់ខេត្ត-ក្រុង និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ពលរដ្ឋខ្មែរ។

តាមរយៈជំនួបខាងលើ កម្ពុជា-ជប៉ុន ក៏បានពិភាក្សាពីកិច្ចការនយោបាយ សង្គម សេដ្ឋកិច្ច ជាពិសេសការពង្រឹងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ កម្ពុជាវាយតម្លៃខ្ពស់ និងគាំទ្រចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) របស់ប្រទេសជប៉ុន ដែលយុទ្ធសាស្ត្រនេះស្របគ្នានឹងយុទ្ធសាស្ត្ររបស់អាស៊ាន និង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រដ្ឋាភិបាលកម្ពុជា៕អត្ថបទ​​​​​​​​​​​​​​​​​​៖ហ្សាលីន