ក្រសួងសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធ បើកកិច្ចពិភាក្សារកវិធានការគាំទ្រក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីស្វែងរកវិធានការគាំទ្រក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​កិច្ចប្រជុំនេះ​បានធ្វើឡើងនារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា ។

នាឱកាសនោះ លោក ហ៊ាន សាហ៊ីប បានបញ្ជាក់ជូនអង្គប្រជុំអំពីវឌ្ឍនភាពសំខាន់ៗ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក្នុងនោះ ក្រុមហ៊ុនបានរៀបចំផែនការអភិវឌ្ឍន៍ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញ ទន្ទឹមនឹងការអភិវឌ្ឍជើងហោះហើរថ្មីៗ និងការបញ្ជាទិញយន្តហោះថ្មីៗបន្ថែម សម្រាប់ប្រតិបត្តិការហោះហើររបស់ក្រុមហ៊ុន។

អង្គប្រជុំនេះ ក៏បានយល់ស្របគ្នាលើវិធានការសំខាន់ៗ ក្នុងការអនុវត្តរយៈពេលខ្លី សម្រាប់ស្នើសុំការសម្រេចពីថ្នាក់ដឹកនាំ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ច និង វិស័យទេសចរណ៍ ក្នុងពិភពលោក តំបន់ និងកម្ពុជា។

សូមជម្រាបដែរថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​ កាលពីថ្ងៃទី ១៩ ឧសភា ធ្លាប់បានបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានដាក់ផែនការជំរុញការអនុវត្តគោលនយោបាយ​ជាតិ ២០២៥-២០៣៥ ដើម្បីដឹកអ្នកដំណើរតាមផ្លូវអាកាស​ឱ្យបាន ៨ ​លាននាក់​ និងទំនិញចំនួន ​១១២ ​ពាន់តោន ​នៅឆ្នាំ ២០២៦ ​ដោយ​សារមានតម្រូវការពាណិជ្ជកម្ម ទេសចរណ៍។ នេះបើតាមការបញ្ជាក់ពី លោកបណ្ឌិត ​ម៉ៅ ​ហាវណ្ណាល់ ​រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី ១៩ ឧសភា ឆ្នាំ២០២៦៕ អត្ថបទ៖ហ្សាលីន