រយៈពេល ៥ខែ ឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៥លាននាក់

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៥ខែ ពោលគិតចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៥លាននាក់។ នេះបើយោងតាមកិច្ចពិភាក្សារវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក Leung Chun Ying អនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) និងគណៈប្រតិភូជាន់ខ្ពស់ កាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងរួមទាំងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការទាក់ទាញភ្ញៀវទេសចរពីតំបន់រដ្ឋបាលពិសេសហុងកុងមកកម្ពុជា អំឡុងពេលយុទ្ធនាការលើកលែងទិដ្ឋាការជូនប្រជាជនចិនសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះ លោក Leung Chun Ying បានរាយការណ៍ពីលទ្ធផលសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា រួមមានការផ្តល់សេវាវះកាត់ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរាប់ពាន់នាក់ និងការអនុវត្តកម្មវិធីទប់ស្កាត់ជំងឺឆ្លងតាមភ្នាក់ងារចម្លងនៅតាមបណ្តាខេត្តនានា។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ ចំពោះមូលនិធិ GX Foundation ទាំងក្នុងវិស័យទេសចរណ៍ និងសកម្មភាពមនុស្សធម៌ ដែលបានរួមចំណែកសំខាន់និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន។ លោក ក៏បានស្នើប្រតិភូចិន បន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិននៅតំបន់រដ្ឋបាលពិសេសហុងកុងឱ្យកាន់តែទូលំទូលាយ និងជួយជម្រុញដំណើរសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍ (FAM Trip) សម្រាប់វិនិយោគិន សារព័ត៌មាន និងប្រតិបត្តិករទេសចរណ៍។

គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៦ គឺជាខួបលើកទី ៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។ នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនប្រមាណ ១,២លាននាក់ កើនឡើង ៤២% ធៀបនឹងឆ្នាំ២០២៤។ ដោយឡែក ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៥លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនជាង ៤០ម៉ឺននាក់ ឈរលំដាប់ទី១ នៃទីផ្សារទេសចរណ៍របស់កម្ពុជា៕អត្ថបទ៖ហ្សាលីន