អ្នកឧកញ៉ា លី ឃុនថៃ តំណាង អ្នកឧកញ៉ា គិត ម៉េង ទទួលជួបពិភាក្សាការងាររវាង សភាពាណិជ្ជកម្មកម្ពុជា និង លេខាធិការដ្ឋានកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន (CABIS) 

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី យ៉េ យ៉ាន (Ye Yan) ប្រធានលេខាធិការដ្ឋាន កិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគចិន-អាស៊ាន (CABIS)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនេះ លោកស្រី យ៉េ យ៉ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លី ឃុនថៃ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបលោកស្រី និងសហការីចូលជួបពិភាក្សាការងារ។ លោកស្រីប្រធានលេខាធិការដ្ឋានបានលើកឡើងអំពីគោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីពិភាក្សាអំពីការសហការ និងការអញ្ជើញសភាពាណិជ្ជកម្មកម្ពុជាដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន នាខែកញ្ញាខាងមុខនេះ។  

លោកស្រីក៏បានជម្រាបអំពីការសម្ពោធប្រើប្រាស់ផ្លូវការនូវព្រែកជីកពីងលូ (Pinglu Canal) និងការបង្កើតឡើង មជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត (AI Center) នៅទីក្រុងណាននីង។​ លោកស្រីក៏បានរំលេចផងដែរថា នេះគឺជាលើកទីបី ដែលលោកស្រីបានមកប្រទេសកម្ពុជា ហើយលោកស្រីពិតជាមានការចាប់អារម្មណ៍ជាខ្លាំងជាមួយការអភិវឌ្ឍនៃប្រទេសកម្ពុជា ដោយមានការរីកចម្រើនជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ព្រលានយន្តហោះថ្មី សេដ្ឋកិច្ច និងទីក្រុង។ 

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា លី ឃុនថៃ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់លេខាធិការដ្ឋានកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគចិន-អាស៊ាន ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យឯកជន និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។ 

អ្នកឧកញ៉ា លី ឃុនថៃ បានមានប្រសាសន៍អំពីទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងកម្ពុជា-ចិន ហើយក៏បានកត់សម្គាល់ឃើញផងដែរថាតាម រយៈទំនាក់ទំនងនៃប្រទេសទាំងពីរក៏បាននាំមកនូវការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងការវិនិយោគជាច្រើន ពោលប្រទេសចិនគឺជាប្រទេសដែលមានការវិនិយោគខ្ពស់ជាងគេនៅកម្ពុជា។ អ្នកឧកញ៉ា បានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា គាំទ្រដល់ការរៀបចំកម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន កិច្ចសហប្រតិបត្តិការក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន។

រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា