គិតចាប់ពីឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦ មានយុវជនជាគោលដៅសរុបប្រមាណ ២៧ម៉ឺននាក់បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលដៅ ១.៥លាននាក់។ នេះជាការលើកឡើងរបស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងវេទិកាសារព័ត៌មានលើកទី៨ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

គួរឱ្យដឹងថា គោលដៅរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា គឺកូនខ្មែរគ្រប់រូបត្រូវមានចំណេះជំនាញមួយយ៉ាងតិចក្នុងជីវិត។
សូមជម្រាបថា សម្តេចធិបតី ធ្លាប់បានមានប្រសាសន៍កន្លងទៅថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១លាន ៥សែននាក់ គឺជាកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកៀរគរយុវជនដែលបានបោះបង់ការសិក្សាកន្លងមក និងយុវជន ដែលពុំមានជំនាញឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឱ្យពួកគេមានជំនាញមួយសម្រាប់ជីវិត។
កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្លាំងពលកម្មនៅកម្ពុជា ដោយចាប់ពីដើមឆ្នាំ២០២៤ មកដល់ត្រីមាសទី១ ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋប្រមាណជាង២៧ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល ដែលជាចំនួនដ៏ធំមួយហើយក្នុងនោះ ប្រមាណ៨០% ទទួលបានឱកាសការងារ ខណៈមួយចំនួនទៀតបានបង្កើតមុខរបរដោយខ្លួនឯង៕



