ឧកញ៉ា ណូ សុភា បង្ហាញអារម្មណ៍មិនយល់ ចំពោះមនុស្សមួយចំនួន ដែលមិនឱ្យតម្លៃទឹកចិត្តសប្បុរស និងការបរិច្ចាគរបស់ខ្លួន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បង្ហាញអារម្មណ៍មិនយល់ ចំពោះបុគ្គលមួយចំនួន ដែលមិនឱ្យតម្លៃទឹកចិត្តសប្បុរស និងការបរិច្ចាគរបស់ខ្លួន បែរជារងនូវការមើលងាយ និងការជាន់ឈ្លីទៅវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គម លោកស្រីឧកញ៉ា បានលើកឡើងថា៖ “នាងខ្ញុំពិតជាមិនយល់ទេ ថា ហេតុអ្វីមនុស្សមួយចំនួន មិនឱ្យតម្លៃចំពោះទឹកចិត្តសប្បុរស និងការបរិច្ចាគដែលនាងខ្ញុំបានខិតខំធ្វើពីបេះដូង។ ពេលខ្លះ គាត់បានសុំជំនួយពីនាងខ្ញុំ តែនៅពេលដែលនាងខ្ញុំមិនអាចឆ្លើយតប ឬមិនអាចជួយបានភ្លាមៗ បែរជាទទួលបានការមើលងាយ ការជាន់ឈ្លី និងពាក្យសម្តីដែលធ្វើឱ្យបេះដូងឈឺចាប់”។

“នាងខ្ញុំក៏ជាមនុស្សដែរ មានអារម្មណ៍ មានបេះដូង និងមានការឈឺចាប់ដូចគ្នា។ ការជួយអ្នកដទៃ គឺជាទឹកចិត្ត មិនមែនជាកាតព្វកិច្ចឡើយ។ បើទោះជានាងខ្ញុំមិនអាចជួយបានគ្រប់គ្នា ក៏សូមមេត្តាគោរព និងយល់ចិត្តគ្នាផង។ ពាក្យសម្តីមួយម៉ាត់ អាចផ្តល់កម្លាំងចិត្តបាន ហើយក៏អាចធ្វើឱ្យបេះដូងអ្នកដទៃឈឺចាប់បានដូចគ្នា”។ លោកស្រីឧកញ៉ា បានបន្ត។

ឧកញ៉ា ណូ សុភា បានគូសបញ្ជាក់ថា សេចក្តីសប្បុរស គួរត្រូវបានឆ្លើយតបដោយការគោរព និងការដឹងគុណ មិនមែនដោយការមើលងាយ ឬការជាន់ឈ្លីឡើយ។ សូមឱ្យយើងទាំងអស់គ្នា រៀនផ្តល់តម្លៃដល់ទឹកចិត្តល្អរបស់គ្នាទៅវិញទៅមក ព្រោះពិភពលោកនេះត្រូវការក្តីមេត្តា និងការយោគយល់ច្រើនជាងការរិះគន់។ 

សូមជម្រាបថា ឧកញ៉ា ណូ សុភា ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។