មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកបង្ហាញពីសក្តានុពលផលិតផលកម្ពុជាប្រាប់ដល់វិនិយោគិនចិន

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកបង្ហាញពីសក្តានុពលផលិតផលកម្ពុជាប្រាប់ដល់វិនិយោគិនចិនសំដៅឈានទៅបង្កើនការនាំចេញ និងផែនការយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជានិងចិនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបនាថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមវត្តមានលោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូខេត្តហៃណាន ដឹកនាំដោយ លោក Zhang Bin អគ្គនាយកនៃមន្ទីរពាណិជ្ជកម្មខេត្តហៃហាន ប្រទេសចិន។

ជាកិច្ចចាប់ផ្តើម លោករដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ប្រតិភូចិនចំពោះដំណើរទស្សនកិច្ចជាថ្មីម្តងទៀតមកកាន់កម្ពុជា និងបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗមួយចំនួនរវាងក្រសួងពាណិជ្ជកម្ម និងភាគីចិន តាមរយៈការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចព្រមព្រៀងជំរុញការនាំចេញ និងផែនការយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងពាណិជ្ជកម្មជាមួយនឹងការិយាល័យពាណិជ្ជកម្មខេត្តហៃណាននាពេលកន្លងមក។ លោកក៏បានបង្ហាញពីកាលានុវត្តភាពពាណិជ្ជកម្ម សក្តានុពលនៃផលិតផលកម្ពុជា យន្តការនៃការជំរុញផលិតផលខ្មែរ ការតភ្ជាប់ទីផ្សារនាំចេញ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល តាមរយៈកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ចិន និងសក្តានុពលនៃកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណានផងដែរ។

ជាការឆ្លើយតប លោក Zhang Bin បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ និងក្រុមការងាររវាងស្ថាប័នទាំងពីរនាពេលកន្លងមក ខណៈលោកបានជម្រាបជូនអំពីសក្តានុពលនៃកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណានផែនការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត ក៏ដូចជាគោលនយោបាយជំរុញគាំទ្រដល់ការតភា្ជប់នៃវិស័យសំខាន់ៗរបស់កំពង់ផែហៃណានជាមួយនឹងពិភពលោក។

ជាមួយគ្នានេះ លោក ក៏បានគូសបញ្ជាក់អំពីកត្តាអំណោយផលពាណិជ្ជកម្មនៃគំនិតផ្តួចផ្តើមកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន តាមរយៈគោលនយោបាយជាតិគាំទ្រដល់វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្មបៃតង ឧស្សាហកម្មទំនើប កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភារកម្ម ក៏ដូចជាការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកវិនិយោគបរទេសដែលមានប្រតិបត្តិការនៅកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន នាពេលអនាគតផងដែរ៕អត្ថបទ៖ហ្សាលីន