សម្ដេចធិបតី ជំរុញធ្វើផ្លូវឱ្យមានស្តង់ដារល្អ ហើយបញ្ឈប់ការ «ចាក់ក្រាសស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស»

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យរួមមគ្នាថែរក្សា និងប្រើប្រាស់ផ្លូវឱ្យបានយូរអង្វែង ខណៈសម្តេចធិបតី ក៏បានជំរុញឱ្យធ្វើផ្លូវឱ្យមានស្តង់ដារគុណភាពល្អ ហើយបញ្ឈប់ការ «ចាក់ក្រាសស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស»ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងបែបនេះក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) តម្លៃ១១៧លានដុល្លារ ជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន កាលព្រឹកថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចាត់ទុក ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​នៅ​គ្រប់​កន្លែង​ទាំង​អស់នៃប្រទេសរបស់យើង ខណៈ​នៅ​តាម​មូល​ដ្ឋាន​រាជ​រដ្ឋាភិបាល​ក៏បា​នកសាងផ្លូវបេតុង តាមរយៈមូ​លនិ​ធិឃុំ-សង្កាត់ ដើម្បីតភ្ជាប់មកផ្លូវជាតិផងដែរ។

ទន្ទឹមគ្នានេះ សម្តេចធិបតី បានបញ្ជាក់ថា រាល់ការដឹកជញ្ជូនត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះការ​ដឹក​លើស​ទម្ងន់​នេះធ្វើឱ្យការខូចខាតផ្លូវថ្នល់របស់យើង ដូច្នេះត្រូវចូលរួមថែរក្សាទាំងអស់គ្នា បើ​មិន​ដូច្នេះ​ទេ ​ផ្លូវរបស់យើងនឹងអាចខូចហើយការវិនិយោគរបស់រដ្ឋ គឺសុទ្ធតែជាថវិកាជាតិ សម្រាប់​ប្រជាជនទាំ​ងអស់គ្នាប្រើប្រាស់។

បន្ថែមពីនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖«យើងរួមគ្នាថែរក្សាផ្លូវបានយូរអង្វែង ដូច្នេះយើងអាចបង្វែរថវិការសម្រាប់ជុសជុលផ្លូវនោះ ទៅអភិវឌ្ឍន៍ផ្លូវ កសាងស្ពាន និងជុសជុលផ្លូវនៅកន្លែងផ្សេងទៀតបាន ហើយត្រូវសូមឱ្យបញ្ឈប់ការ «ចាក់ក្រាសស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស» ត្រូវតែធ្វើផ្លូវឱ្យតាមស្ដង់ដារគុណភាពល្អ ដើម្បកាត់បន្ថយចំណាយថវិការលើការជុសជុល»។

សូមជម្រាបដែរថា តាមរយៈពិធីខាងលើ ប្រមុរាជរដ្ឋភិបាល ក៏បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បំពាក់ជញ្ជីងវៃឆ្លាត ដើម្បីពិនិត្យឡានដឹកជញ្ជូនលើសកម្រិតកំណត់ ហើយណែនាំក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ដើម្បីធានាដល់ការប្រើប្រាស់ផ្លូវបានយូរអង្វែងផងដែរ៕​អត្ថបទ៖ហ្សាលីន