ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យរួមមគ្នាថែរក្សា និងប្រើប្រាស់ផ្លូវឱ្យបានយូរអង្វែង ខណៈសម្តេចធិបតី ក៏បានជំរុញឱ្យធ្វើផ្លូវឱ្យមានស្តង់ដារគុណភាពល្អ ហើយបញ្ឈប់ការ «ចាក់ក្រាសស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស»ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងបែបនេះក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) តម្លៃ១១៧លានដុល្លារ ជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន កាលព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
នាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចាត់ទុក ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង ខណៈនៅតាមមូលដ្ឋានរាជរដ្ឋាភិបាលក៏បានកសាងផ្លូវបេតុង តាមរយៈមូលនិធិឃុំ-សង្កាត់ ដើម្បីតភ្ជាប់មកផ្លូវជាតិផងដែរ។
ទន្ទឹមគ្នានេះ សម្តេចធិបតី បានបញ្ជាក់ថា រាល់ការដឹកជញ្ជូនត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះការដឹកលើសទម្ងន់នេះធ្វើឱ្យការខូចខាតផ្លូវថ្នល់របស់យើង ដូច្នេះត្រូវចូលរួមថែរក្សាទាំងអស់គ្នា បើមិនដូច្នេះទេ ផ្លូវរបស់យើងនឹងអាចខូចហើយការវិនិយោគរបស់រដ្ឋ គឺសុទ្ធតែជាថវិកាជាតិ សម្រាប់ប្រជាជនទាំងអស់គ្នាប្រើប្រាស់។

បន្ថែមពីនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖«យើងរួមគ្នាថែរក្សាផ្លូវបានយូរអង្វែង ដូច្នេះយើងអាចបង្វែរថវិការសម្រាប់ជុសជុលផ្លូវនោះ ទៅអភិវឌ្ឍន៍ផ្លូវ កសាងស្ពាន និងជុសជុលផ្លូវនៅកន្លែងផ្សេងទៀតបាន ហើយត្រូវសូមឱ្យបញ្ឈប់ការ «ចាក់ក្រាសស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស» ត្រូវតែធ្វើផ្លូវឱ្យតាមស្ដង់ដារគុណភាពល្អ ដើម្បកាត់បន្ថយចំណាយថវិការលើការជុសជុល»។
សូមជម្រាបដែរថា តាមរយៈពិធីខាងលើ ប្រមុរាជរដ្ឋភិបាល ក៏បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បំពាក់ជញ្ជីងវៃឆ្លាត ដើម្បីពិនិត្យឡានដឹកជញ្ជូនលើសកម្រិតកំណត់ ហើយណែនាំក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ដើម្បីធានាដល់ការប្រើប្រាស់ផ្លូវបានយូរអង្វែងផងដែរ៕អត្ថបទ៖ហ្សាលីន

