ការនាំចូលសាំងរបស់រុស្ស៊ីពីប្រទេសបេឡារុសបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក នៅក្នុងខែមិថុនា ខណៈពេលដែលទីក្រុងមូស្គូប្រឈមមុខនឹងបញ្ហាកង្វះខាតប្រេងឥន្ធនៈដោយសារតែការវាយប្រហារដោយអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Interfax ។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលសន្ទស្សន៍តម្លៃរុស្ស៊ី (CPI) ដែលត្រូវបានដកស្រង់ដោយកាសែត Vedomosti មានមូលដ្ឋាននៅទីក្រុងមូស្គូ បានបង្ហាញថា រុស្ស៊ីបាននាំចូលសាំងចំនួន ១៤១ ០០០ តោនពីប្រទេសបេឡារុស នៅចន្លោះថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមិថុនា។
តួលេខនេះខ្ពស់ជាងបរិមាណសាំងសរុបដែលនាំចូលពីប្រទេសបេឡារុស ក្នុងខែឧសភា ចំនួន ២,៤ ដង។ ហើយក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ប្រទេសបេឡារុសបាននាំចេញសាំងប្រហែល ១ ០០០ តោនប៉ុណ្ណោះ ទៅកាន់ប្រទេសរុស្ស៊ី។
គួរជម្រាបជូនថា ប្រទេសរុស្ស៊ីប្រឈមមុខនឹងបញ្ហាខ្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាបន្តបន្ទាប់លើបំពង់បង្ហូរប្រេង និងឧស្ម័ន រួមទាំងរោងចក្រចម្រាញ់ប្រេងធំៗ។ ក្រៅពីបេឡារុស រុស្ស៊ីត្រូវបានគេរាយការណ៍ថាកំពុងចាប់ផ្តើមនាំចូលសាំងពីប្រទេសឥណ្ឌា ហើយកំពុងចរចាជាមួយកាហ្សាក់ស្ថានដើម្បីបង្កើនការផ្គត់ផ្គង់របស់ខ្លួនផងដែរ៕

