តម្លៃមាសពិភពលោក ត្រូវបានគេរាយការណ៍ថាបានបន្តធ្លាក់ចុះមកនៅក្រោម ៤ ១០០ដុល្លារ ក្នុងមួយអោន បន្ទាប់ពីបើកការជួញដូរឡើងវិញនៅថ្ងៃទី៨ ខែកក្កដានេះ ដោយសារភាពតានតឹងកំពុងកើនឡើងសារថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការវិឌ្ឍនៅមជ្ឈិមបូព៌ានាពេលថ្មីនេះ បានបណ្តាលឲ្យតម្លៃមាសធ្លាក់ចុះយ៉ាងខ្លាំង ដោយនៅពេលបិទការជួញដូរនៅថ្ងៃទី៧ ខែកក្កដា មាសមួយអោនបានធ្លាក់ចុះជិត ៦០ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ១០៤ដុល្លារក្នុងមួយអោន។ ហើយគិតនៅត្រឹមព្រឹកថ្ងៃទី៨ នេះ តម្លៃមាសបានបន្តធ្លាក់ចុះដល់ក្រោម ៤ ១០០ដុល្លារ។
គួរឲ្យដឹងផងដែរថា ជុំវិញការធ្លាក់ចុះនេះ កើតឡើងចំពេលវិនិយោគិនឥឡូវនេះកំពុងរង់ចាំកំណត់ហេតុនៃកិច្ចប្រជុំកាលពីខែមិថុនារបស់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក សម្រាប់តម្រុយបន្ថែមពាក់ព័ន្ធទៅនឹងគោលនយោបាយរូបិយវត្ថុរបស់ពួកគេ ជាពិសេសពាក់ព័ន្ធទៅលើការកំណត់ត្រាការប្រាក់របស់ស្ថាប័ននេះផងដែរ៕

