ក្រុមហ៊ុន Amazon កាលពីថ្ងៃទី៧ ខែកក្កដា បាននិយាយថា ខ្លួនកំពុងស្វែងរកការរៃសង្គាសទឹកប្រាក់ចំនួន ២៥ពាន់លានដុល្លារ តាមរយៈការលក់មូលបត្របំណុលជាប្រាក់ដុល្លារ ដែលជាការជំរុញចុងក្រោយមួយរបស់ក្រុមហ៊ុន ក្នុងការផ្តល់មូលនិធិដល់ការវិនិយោគ AI ដ៏ច្រើនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកបាននិងកំពុងទាញយកផលប្រយោជន៍ពីទីផ្សារបំណុល និងចាប់ផ្តើមការលក់ភាគហ៊ុនដើម្បីផ្តល់មូលនិធិដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI ដែលមានតម្លៃដ៏ថ្លៃមហាសាលរបស់ពួកគេ។
យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំង Amazon, Alphabet , Microsoft , និង Meta ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់ប្រមាណជាង ៧០០ពាន់លានដុល្លារវិនិយោគនៅលើ AI នៅឆ្នាំនេះ។
ទន្ទឹមនឹងនេះ យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បាននិយាយថា ប្រាក់ចំណូលពីការលក់មូលបត្របំណុលនឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងសាជីវកម្ម រួមទាំងការចំណាយមូលធននាពេលអនាគត និងការសងបំណុលដែលផុតកំណត់នាពេលខាងមុខ។
គួរជម្រាបជូនផងដែរថា ចំពោះការផ្តល់ជូននេះ រួមបញ្ចូលទាំងការលាយបញ្ចូលគ្នានៃមូលបត្របំណុលអត្រាការប្រាក់ថេរ និងអត្រាការប្រាក់ប្រែប្រួល ដែលមាន ៨ដំណាក់កាល ជាមួយនឹងកាលកំណត់ចាប់ពីឆ្នាំ២០២៩ ដល់ឆ្នាំ ២០៦៦៕

