Amazon គ្រោងប្រមូលលុយ ២៥ពាន់លានដុល្លារ ពីការលក់មូលបត្របំណុល ដើម្បីវិនិយោគលើ AI

អន្តរជាតិ

ក្រុមហ៊ុន Amazon កាលពីថ្ងៃទី៧ ខែកក្កដា បាននិយាយថា ខ្លួនកំពុងស្វែងរកការរៃសង្គាសទឹកប្រាក់ចំនួន ២៥ពាន់លានដុល្លារ តាមរយៈការលក់មូលបត្របំណុលជាប្រាក់ដុល្លារ ដែលជាការជំរុញចុងក្រោយមួយរបស់ក្រុមហ៊ុន ក្នុងការផ្តល់មូលនិធិដល់ការវិនិយោគ AI ដ៏ច្រើនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកបាននិងកំពុងទាញយកផលប្រយោជន៍ពីទីផ្សារបំណុល និងចាប់ផ្តើមការលក់ភាគហ៊ុនដើម្បីផ្តល់មូលនិធិដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI ដែលមានតម្លៃដ៏ថ្លៃមហាសាលរបស់ពួកគេ។

យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំង Amazon, Alphabet , Microsoft , និង Meta ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់ប្រមាណជាង ៧០០ពាន់លានដុល្លារវិនិយោគនៅលើ AI នៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បាននិយាយថា ប្រាក់ចំណូលពីការលក់មូលបត្របំណុលនឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងសាជីវកម្ម រួមទាំងការចំណាយមូលធននាពេលអនាគត និងការសងបំណុលដែលផុតកំណត់នាពេលខាងមុខ។

គួរជម្រាបជូនផងដែរថា ចំពោះការផ្តល់ជូននេះ រួមបញ្ចូលទាំងការលាយបញ្ចូលគ្នានៃមូលបត្របំណុលអត្រាការប្រាក់ថេរ និងអត្រាការប្រាក់ប្រែប្រួល ដែលមាន ៨ដំណាក់កាល ជាមួយនឹងកាលកំណត់ចាប់ពីឆ្នាំ២០២៩ ដល់ឆ្នាំ ២០៦៦៕​