ពូទីន អូសនាវាកម្សាន្តតម្លៃជាង ១០០លានដុល្លារ ទៅទុកនៅកំពង់ផែភាគខាងជើងប្រទេស ព្រោះខ្លាចអ៊ុយក្រែនបាញ់ឆេះ

អន្តរជាតិ

នាវាកម្សាន្តដ៏ប្រណីតបំផុតមួយដែលត្រូវបានគេស្គាល់ថាជារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ត្រូវបានគេប្រទះឃើញនៅកំពង់ផែ Severomorsk ជិតទីក្រុង Murmansk ភាគខាងជើងនៃប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន DR របស់ដាណឺម៉ាក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា យោងតាមរូបភាពពីផ្កាយរណបបានបង្ហាញថា នាវាកម្សាន្តដ៏ប្រណីតឈ្មោះថា Graceful នេះ ត្រូវបានអមដំណើរដោយនាវាចម្បាំង Voyevoda ជាមួយនឹងការដំណើរដោយបិទឧបករណ៍បញ្ជូនសញ្ញា ក្នុងគោលបំណងការពារពីការវាយប្រហាររបស់សត្រូវ។

យ៉ាងណាមិញ ក្បួននាវានេះត្រូវបានគេប្រទះឃើញនៅឯឆ្នេរសមុទ្រដាណឺម៉ាកនៅចុងខែមិថុនា ដោយការបញ្ជូនសារមួយដែលបង្ហាញថាវាត្រូវបានគេឃើញកំពុងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល និងបន្ទាប់មកបានឆ្លងកាត់តាមឆ្នេរសមុទ្រន័រវេស ហើយចូលទៅក្នុងដែនទឹករុស្ស៊ីរបស់វិញ។

ទន្ទឹមនឹងនេះ យោងតាមអ្នកជំនាញជឿជាក់ថា នាវា Graceful ដែលត្រូវបានប្តូរឈ្មោះទៅជា Kosatka បន្ទាប់ពីការចាប់ផ្តើមនៃសង្គ្រាមនេះ ត្រូវបានបញ្ជូនទៅកំពង់ផែ Severomorsk ដើម្បីការពារវាពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។

ជម្រាបជូនថា នាវា Graceful ដែលមានប្រវែង ៨២ ម៉ែត្រ ត្រូវបានចាត់ទុកថាជានាវាធំជាងគេទីពីរ (បន្ទាប់ពីនាវា Scheherazade ដែលមានប្រវែង ១៤០ ម៉ែត្រ) ដែលប្រើប្រាស់ដោយប្រធានាធិបតីរុស្ស៊ី។ ពីមុនវាត្រូវបានគេប្រទះឃើញញឹកញាប់នៅទីក្រុង Sochi នៅពេលដែលលោក ពូទីន សម្រាកនៅទីនោះ។ តម្លៃរបស់នាវានេះត្រូវបានប៉ាន់ប្រមាណថា ចន្លោះពី ១០០-១២០លានដុល្លារ៕​