Cristiano Ronaldo ជិះយន្តហោះឯកជនតម្លៃ ៨០លានដុល្លារទៅផ្ទះនៅទីក្រុងម៉ាឌ្រីដវិញ ក្រោយចប់ភារកិច្ចនៅ World Cup

អន្តរជាតិ

កំពូងខ្សែប្រយុទ្ធ Cristiano Ronaldo និងក្រុមជម្រើសជាតិព័រទុយហ្គាល់បានវិលត្រលប់មកកាន់ទីក្រុង Lisbon វិញហើយ បន្ទាប់ពីពួកគេបានធ្លាក់ចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២៦ ខណៈពេលដែល Ronaldo បានបន្តឡើងយន្តហោះឯកជនរបស់ខ្លួន ត្រលប់ទៅកាន់ផ្ទះ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Marca។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យន្តហោះដែលដឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ពីសហរដ្ឋអាមេរិក បានចុះចតនៅអាកាសយានដ្ឋាន Humberto Delgado ក្នុងទីក្រុង Lisbon កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា។ អ្នកគាំទ្ររាប់សិបនាក់បានប្រមូលផ្តុំគ្នាដើម្បីរង់ចាំស្វាគមន៍ក្រុម ប៉ុន្តែ Ronaldo មិនបានបង្ហាញខ្លួននៅច្រកចេញជាមួយមិត្តរួមក្រុមរបស់ខ្លួននោះឡើយ។ ផ្ទុយទៅវិញ ប្រធានក្រុមព័រទុយហ្គាល់រូបនេះ បានបំបែកចេញពីក្រុម ហើយដើរទៅរកយន្តហោះឯកជនមួយផ្សេងទៀត នៅក្បែរនោះ។

ទិន្នន័យពី Flightradar24 បង្ហាញថា យន្តហោះឯកជន Bombardier Global Express XRS របស់ Ronaldo បានហោះចេញពីអាកាសយានដ្ឋាន Humberto Delgado ក្នុងទីក្រុង Lisbon នៅថ្ងៃទី៨ ខែកក្កដា ហើយបានចុះចតនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅថ្ងៃដដែលនោះ។

គួរឲ្យដឹងថា Bombardier Global Express XRS គឺជាយន្តហោះឯកជនរយៈចម្ងាយឆ្ងាយ ដែលដំណើរការដោយម៉ាស៊ីន Rolls-Royce ចំនួនពីរ និងមានចម្ងាយហោះហើរសរុបប្រហែល ១១ ៥០០ គីឡូម៉ែត្រ ដែលមានសមត្ថភាពធ្វើដំណើរឆ្លងទ្វីបដោយមិនចាំបាច់ឈប់ចាក់ប្រេងនោះឡើយ។ ល្បឿនកំពូលរបស់យន្តហោះគឺប្រហែល ៩៥០ គីឡូម៉ែត្រក្នុងមួយម៉ោង អាស្រ័យលើបន្ទុក និងលក្ខខណ្ឌអាកាសធាតុ។

Ronaldo បានទិញយន្តហោះនេះ នៅក្នុងឆ្នាំ២០២៤ ខណៈបច្ចុប្បន្នវាមានតម្លៃចន្លោះពី ៥៧-៨១លានដុល្លារ អាស្រ័យលើការថែទាំ និងកែច្នៃបន្ថែម។ នៅក្នុងបទសម្ភាសមួយក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ តារាឆ្នើាមព័រទុយហ្គាល់រូបនេះបាននិយាយថា វាគឺជារបស់ថ្លៃបំផុតដែលលោកធ្លាប់បានទិញ។

គួរជម្រាបជូនថាផងដែរថា ដំណើរប្រកួតនៅក្នុងពានរង្វាន់ World Cup របស់ព័រទុយហ្គាល់ត្រូវបានបញ្ចប់ បន្ទាប់ពីចាញ់អេស្ប៉ាញក្នុងលទ្ធផល ០-១ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ នៅថ្ងៃទី៦ ខែកក្កដា។ Ronaldo ពីមុនបានបញ្ជាក់ថានេះនឹងជា World Cup លើកចុងក្រោយនៃអាជីពរបស់ខ្លួន៕​