សិស្ស និស្សិតកម្ពុជាជាង ៣៥,០០០ នាក់ បានទៅសិក្សានៅប្រទេសអូស្ត្រាលី ហើយបានវិលត្រឡប់មកប្រទេសកំណើតវិញ ដើម្បីបំពេញតួនាទីជាអ្នកដឹកនាំសំខាន់ៗក្នុងស្ថាប័នរដ្ឋ វិស័យធុរកិច្ច វិទ្យាស្ថានស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យអប់រំ ដោយក្លាយជាអ្នកជំរុញការផ្លាស់ប្តូរ អ្នកដឹកនាំ និងអ្នកជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជា។

កាលពីថ្ងៃទី១០ កក្កដា ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ក៏បានរៀបចំពិធីអបអរសាទរដល់អតីតនិស្សិតអូស្ត្រាលី ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏មានតម្លៃរបស់ពួកគេចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងបង្ហាញពីឧត្តមភាពនៃការអប់រំរបស់អូស្ត្រាលី និងឱកាសដ៏ធំទូលាយដែលការសិក្សានៅអូស្ត្រាលីអាចផ្តល់ឲ្យផងដែរ។

ស្ថានទូតអូស្រ្តាលី បញ្ជាក់ថា កម្មវិធីនេះក៏ជាឱកាសដ៏ល្អសម្រាប់អតីតនិស្សិតក្នុងការពង្រឹងបណ្ដាញទំនាក់ទំនង និងរំលឹកពីរបៀបដែលបទពិសោធន៍សិក្សារបស់ពួកគេនៅប្រទេសអូស្ត្រាលី បានជួយបង្កើត និងអភិវឌ្ឍសមត្ថភាពរបស់ពួកគេ ទាំងក្នុងជីវិតផ្ទាល់ខ្លួន និងអាជីពការងារ។
សូមបញ្ជាក់ថា សិស្ស និស្សិតកម្ពុជាជាង ៣៥,០០០ នាក់ បានទៅសិក្សានៅប្រទេសអូស្ត្រាលី ក្នុងចំណោមនោះ មាននិស្សិតកម្ពុជាប្រមាណ ១,១០០នាក់ ទទួលបានអាហារូបករណ៍ Australia Awards ដើម្បីបន្តការសិក្សានៅប្រទេសអូស្ត្រាលី៕



