អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ រិះគន់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងថាមិនសូវមានកីឡាករសញ្ជាតិដើម

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy ថ្មីៗនេះបានធ្វើឲ្យមហាជនហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបាននិយាយរិះគន់ចំៗថា បារាំងមានក្រុមជម្រើសជាតិបាល់ទាត់លំដាប់កំពូល ប៉ុន្តែខ្វះកីឡាករដែលមានសញ្ជាតិដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន El Debate។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Mariano តែងតែបង្ហាញពីទស្សនៈផ្ទាល់ខ្លួនផ្សេងៗ បន្ទាប់ពីការប្រកួតនៅក្នុងពានរង្វាន់ World Cup នីមួយៗរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ខណៈពេលដែលបារាំង និងត្រូវប៉ះជាមួយអេស្ប៉ាញ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៤ ខែកក្កដាខាងមុខ។

មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីរបស់បក្សអភិរក្សនិយម ដែលបានដឹកនាំរដ្ឋាភិបាលអេស្ប៉ាញពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ បានទទួលស្គាល់ថា ក្រុមបារាំងបានឈ្នះពាន World Cup ពីរដង និងបានឈ្នះគ្រប់ការប្រកួត នៅក្នុងពាន World Cup នៅឆ្នាំនេះ ប៉ុន្តែលោកនៅតែទទូចថា ពួកគេហាក់គ្មានកីឡាករដែលមានសញ្ជាតិដើមបារាំងនោះឡើយ។ យ៉ាងណាមិញ ចំពោះមតិយោបល់នេះ គឺចង់សំដៅលើថាកីឡាករភាគច្រើននៅក្នុងក្រុមជម្រើសជាតិបារាំងមានដើមកំណើតជាជនអន្តោប្រវេសន៍ ឬមកពីអតីតអាណានិគមបារាំងប៉ុណ្ណោះ។

ប៉ុន្តែទន្ទឹមនឹងនេះ លោក Jose Cepeda សមាជិកសភាអឺរ៉ុបមកពីគណបក្សកម្មករសង្គមនិយមអេស្ប៉ាញ (PSOE) ដែលកំពុងកាន់អំណាច បានរិះគន់ការអត្ថាធិប្បាយរបស់លោក Rajoy ថាជាការរើសអើងជាតិសាសន៍ និងស្អប់ជនបរទេស ដោយសង្កត់ធ្ងន់ថា វាជារឿងអាម៉ាស់សម្រាប់អតីតមេដឹកនាំក្នុងការធ្វើសេចក្តីថ្លែងការណ៍បែបនេះ។

គួរជម្រាបជូនផងដែរថា តាមពិតទៅ ក្នុងចំណោមកីឡាករ ២៦នាក់ ដែលត្រូវបានគ្រូបង្វឹកជម្រើសជាតិបារាំងលោក Didier Deschamps កោះហៅសម្រាប់ការប្រកួតនេះ មានតែបីនាក់ប៉ុណ្ណោះដែលកើតនៅខាងក្រៅប្រទេសបារាំងដូចជា Michael Olise ដែលបានកើតនៅទីក្រុងឡុងដ៍ , Marcus Thuram កើតនៅទីក្រុង Parma ប្រទេសអ៊ីតាលី និងBrice Samba កើតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕​