EU ពង្រីកទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ជុំវិញបញ្ហាសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

អន្តរជាតិ

សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី១៣ ខែកក្កដា បានពង្រីកការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសរុស្ស៊ីបន្ថែមទៀត ដោយរួមបញ្ចូលទាំងបុគ្គល និងអង្គភាពដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការរំលោភសិទ្ធិមនុស្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមរបស់រុស្ស៊ី Vkontakte និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ គឺ Communication Platform LLC ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មថ្មីនេះផងដែរ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ និងគ្រប់គ្រងទៅលើកម្មវិធី MaxApp។

យ៉ាងណាមិញ បណ្តាប្រទេសសហភាពអឺរ៉ុប បាននិយាយថាកម្មវិធី MaxApp ត្រូវបានប្រើសម្រាប់ការបង្ក្រាបអ្នករិះគន់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងមនុស្សដែលបានបង្ហោះខ្លឹមសារផ្សេងទៀតដែលត្រូវបានហាមឃាត់ដោយអាជ្ញាធរ។

វិធានការរឹតត្បិតចុងក្រោយរបស់ EU នេះ ក៏ត្រូវបានដាក់លើ Citadel, VAS Experts និង Norsi-Trans ដែលជាក្រុមហ៊ុនដែលផលិត អភិវឌ្ឍ និងលក់ Hardware និងកម្មវិធីដែលទាក់ទងនឹងប្រព័ន្ធឃ្លាំមើលដែលត្រួតពិនិត្យការហៅទូរស័ព្ទ អ៊ីមែល សារជាអក្សរ និងបណ្តាញសង្គមផងដែរ។

លើសពីនេះ សហភាពអឺរ៉ុប ក៏បានដាក់ទណ្ឌកម្មលើមន្ត្រីមកពីសេវាស៊ើបការណ៍សម្ងាត់យោធារបស់រុស្ស៊ី GRU រួមទាំងឧក្រិដ្ឋជនតាមអ៊ីនធឺណិត និងក្រុមហ៊ុនរុស្ស៊ីមួយចំនួនផ្សេងទៀតដែលបង្កហានិភ័យ និងផ្តល់អស្ថិរភាពដល់អឺរ៉ុប៕​