ភាគហ៊ុន Berkshire Hathaway ធ្លាក់ចុះខ្លាំង ក្រោយបិតាវិនិយោគ Warren Buffett ប្រកាសចូលនិវត្តន៍

អន្តរជាតិ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្ស Berkshire Hathaway បានធ្លាក់ចុះអស់ ២,៦% នៅក្នុងការជួញដូចចុងក្រោយកាលនៅថ្ងៃចន្ទនេះ​ បន្ទាប់ពីមហាសេដ្ឋី និងត្រូវបានគេស្គាល់ថាជាបិតាវិនិយោគ Warren Buffett បានប្រកាសថានឹងចុះចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន ក្រោយដឹកនាំអស់ ៦០ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Warren Buffett បច្ចុប្បន្នវ័យ ៩៤ឆ្នាំ ដែលជាវិនិយោគិនដ៏ល្បីល្បាញបំផុតរបស់ពិភពលោក បាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ Berkshire កាលពីថ្ងៃសៅរ៍កន្លងទៅថា លោកនឹងប្រគល់តំណែងជា CEO ក្រុមហ៊ុនទៅឲ្យអនុប្រធាន លោក Greg Abel ជំនួសវិញ នៅចុងឆ្នាំនេះ។

យ៉ាងណាមិញ ក្រោយការប្រកាសនេះ ភាគហ៊ុន Class B របស់ Berkshire បានធ្លាក់ចុះភ្លាមៗ មកនៅត្រឹម ៥២៥,៩៦ដុល្លារ ក្នុងមួយហ៊ុនប៉ុណ្ណោះ ដែលអាចបណ្តាលឲ្យក្រុមហ៊ុនបាត់បង់តម្លៃទីផ្សាររាប់ពាន់លានដុល្លារ ប្រសិនបើការខាតបង់នេះ នៅតែបន្តនោះ។

គួរឲ្យដឹងផងដែរថា សេចក្តីប្រកាសរបស់លោក Buffett នេះ ហាក់បានធ្វើឲ្យមានភាពរង្គោះរង្គើ ក្នុងចំណោមម្ចាស់ភាគហ៊ុនរបស់ Berkshire ដោយសារតែការកើនឡើងនៃភាពច្បាស់លាស់នៃរបៀបដែលក្រុមហ៊ុន នឹងត្រូវប្រតិបត្តិការអាជីវកម្មជិត ២០០ របស់ខ្លួន ក៏ដូចជាការគ្រប់គ្រងទៅលើភាគហ៊ុនសរុបដែលមានតម្លៃប្រមាណ ២៦៤ពាន់លានដុល្លារ និងសាច់ប្រាក់ចំនួន ៣៤៨ពាន់លានដុល្លារ ផ្សេងទៀត បន្ទាប់ពីការចុះចេញពីតំណែងរបស់លោក Buffett ទៅនោះ។

ជម្រាបជូនផងដែរថា ក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ លោក Buffett បានប្រែក្លាយក្រុមហ៊ុន Berkshire ពីក្រុមហ៊ុនវាយនភណ្ឌដែលកំពុងជួបការលំបាក ទៅជាក្រុមហ៊ុនមានតម្លៃប្រមាណ ១,១៦ទ្រីលានដុល្លារ។ ហើយបើតាម Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Beffett បច្ចុប្បន្នមានចំនួនជាង ១៦៨ពាន់លានដុល្លារ៕