អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានគេរាយការណ៍ថា ធ្លាប់បានដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែត្រូវបានបរាជ័យវិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន PBS បានរាយការណ៍ថា លោក ថាក់ស៊ីន បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រកាលពីថ្ងៃ១០ ខែកញ្ញា ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការកំពូលថៃ បានកំណត់ថាលោកមិនបានអនុវត្តទោសជាប់ពន្ធនាគារត្រឹមត្រូវក្នុងឆ្នាំ២០២៣ ហើយតម្រូវឲ្យជាប់គុកមួយឆ្នាំជំនួសវិញ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សំណើនេះត្រូវបានច្រានចោល ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong កាលពីថ្ងទី២៣ ខែកញ្ញា។ ហើយនៅប៉ុន្តែថ្ងៃក្រោយមក ក្រសួងបាបញ្ជូនទៅកាន់លេខាធិការដ្ឋានខុទ្ទកាល័យ (CSC) ដើម្បីចាត់ការបន្តនីតិវិធី។
គួរឲ្យដឹងថា យោងតាមច្បាប់ប្រទេសថៃ បានចែងថា ទណ្ឌិតណាក៏ដោយ រួមទាំងអ្នកទើបតែចាប់ផ្តើមកាត់ទោស ដូចជា លោក ថាក់ស៊ីន មានសិទ្ធិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។ សិទ្ធិនេះក៏អាចត្រូវបានប្រើប្រាស់ក្នុងនាមជាប្តីប្រពន្ធ ឪពុកម្តាយ ឬកូនរបស់អ្នកទោសតាមរយៈនាយកដ្ឋានកែតម្រូវ។
ក្រោយពីទទួលបានពាក្យស្នើសុំ ពន្ធនាគារនឹងធ្វើការវាយតម្លៃបឋម ចងក្រងឯកសារបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ។ ប្រសិនបើមានការយល់ព្រម សំណើនេះនឹងត្រូវបញ្ជូនបន្តទៅលេខាធិការដ្ឋាខុទ្ទកាល័យ និងក្រុមប្រឹក្សាឯកជន មុននឹងដាក់ថ្វាយព្រះមហាក្សត្រ៕

