លោក ត្រាំ អូសទាញមេធំក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ ចាក់លុយវិនិយោគរាប់រយពាន់លានដុល្លារ នៅអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនួញដ៏ឆ្នើមបំផុតម្នាក់ ហើយចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីមក លោកទាក់ទាញការវិនិយោគធំៗជាច្រើន មិនថាពីវិនិយោគិនក្នុងស្រុក ឬក្រៅស្រុកនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ បើតាមវីដេអូកំពុងផ្ទុះនៅលើបណ្តាញសង្គមមួយ លោក ត្រាំ​ បានបង្ហាញពីភាពប៉ិនប្រសព្វរបស់ខ្លួន ក្នុងការនិយាយទៅកាន់ក្រុមអ្នកជំនួញកំពូលៗ ក៏ដូចជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ក្នុងអំឡុងពេលដែលលោក បានរៀបចំព្រឹត្តិការណ៍ជប់លៀងដ៏ពិសេសមួយ នៅសេតវិមាន ដើម្បីផ្តោតទៅលើការវិនិយោគនៅក្នុងវិស័យផលិតកម្មរបស់សហរដ្ឋអាមេរិក។

ដោយមានការចូលរួមពីសំណាក់មេធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ លោក ត្រាំ បានឆ្លៀតពេលសួរនាំទៅកាន់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ដែលអង្គុយក្បែរលោកថា តើក្រុមហ៊ុនរបស់គាត់នឹងត្រូវចំណាយទឹកប្រាក់វិនិយោគប៉ុន្មាន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ភ្លាមៗនោះ លោក Mark បានឆ្លើយតបវិញថា លោកនឹងបោះទុនវិនិយោគយ៉ាងហោចណាស់ ៦០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០២៨។

បន្ថែមពីនោះ លោក ត្រាំ បានបន្តសួរទៅកាន់លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google ជុំវិញការវិនិយោគនៅអាមេរិកផងដែរ ដោយមេធំក្រុមហ៊ុនខ្នាតយក្សរូបនេះ បាននិយាយថា នឹងបោះទុនវិនិយោគទឹកប្រាក់ហែល ២៥០ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple ក៏បានបង្ហាញការ​ថ្លែងអំណរគុណ​ដល់​លោក ត្រាំ ដែល​បាន​ផ្តល់កិត្តិយសដល់រូបលោក ឲ្យ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះផងដែរ។ ហើយ​នៅពេល​ដែល​លោក ត្រាំ សួរ​ថា​ក្រុមហ៊ុន​របស់​លោក​នឹង​វិនិយោគ​ប៉ុន្មាន​នៅ​សហរដ្ឋអាមេរិក លោក​បាន​និយាយ​ថាប្រហែល ៦០០ពាន់​លាន​ដុល្លារ។

ជម្រាបជូនផងដែរថា ស្របពេលដែលនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់អាមេរិកផ្សេងទៀត បានចូលរួមនៅក្នុងព្រឹត្តិការណ៍ពិសេសនេះ ចំឡែកតែមេធំ Tesla លោក Elon Musk ប៉ុណ្ណោះ ដែលមិនបានចូលរួម ដោយសារតែអំឡុងពេលនោះ លោកមានបញ្ហាចម្រូងចម្រាសខ្លាំង ជាមួយប្រធានាធិបតីអាមេរិក លោក ត្រាំ៕​