អ៊ីរ៉ង់ បញ្ជាក់ថាគ្មានគម្រោងចូលតុចរចាជាមួយសហរដ្ឋអាមេរិកទៀតឡើយ

អន្តរជាតិ

អ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា មិនទំនងជាបញ្ជូនគណៈប្រតិភូទៅកិច្ចចរចាជុំទីពីរនៅក្នុងប្រទេសប៉ាគីស្ថាននោះទេ បើទោះបីជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថាគណៈប្រតិភូអាមេរិកមួយរូបបានធ្វើដំណើរទៅហើយក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន IRIB។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ​ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានបញ្ជាក់ផងដែរថា ជុំវិញការមិនបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងកិច្ចចរចានេះ គឺដើម្បីឆ្លើយតបទៅនឹងការបិទផ្លូវ ការទាមទារមិនសមហេតុផល និងមិនប្រាកដនិយមរបស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ទៀតថា ការចរចានឹងមិនទទួលបានប្រសិទ្ធភាពក្រោមកាលៈទេសៈទាំងនេះនោះឡើយ។

គួរឲ្យដឹងផងដែរថា ជុំវិញព័ត៌មានទាំងនេះ ត្រូវបានចេញផ្សាយបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថាគណៈប្រតិភូអាមេរិកមួយរូបនឹងទៅដល់ទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន សម្រាប់ការចរចាជុំទីពីរ។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីសេតវិមានម្នាក់ដែលនិយាយថា គណៈប្រតិភូដែលដឹកនាំដោយអនុប្រធានាធិបតី លោក JD Vance ក៏នឹងរួមបញ្ចូលលោក Jared Kushner ដែលជាកូនប្រសាររបស់លោក ត្រាំ និងលោក Steve Witkoff បេសកជនពិសេសសម្រាប់មជ្ឈិមបូព៌ា ទៅចូលរួមនៅក្នុងកិច្ចចរចានេះ ផងដែរ។

ជម្រាបជូនថា បទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែមេសាខាងមុខនេះហើយ បន្ទាប់ពីភាគីទាំងពីរបានធ្វើកិច្ចចរចារយៈពេល ២១ម៉ោង នៅទីក្រុង Islamabad ប៉ុន្តែត្រូវបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងរួមគ្នាមួយ បើទោះបីជាការរៀបចំសម្រាប់ការចរចាបន្ថែមទៀតនៅតែបន្តធ្វើក៏ដោយ៕