ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Xiaomi គ្រោងនឹងបោះទុនវិនិយោគប្រមាណ ៥០ពាន់លានយ៉ន់ (ឬស្មើ ៦,៩ពាន់លានដុល្លារ) នៅក្នុងការអភិវឌ្ឍបន្ទះឈីបស្មាតហ្វូនកម្រិតខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ដោយសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម WeChat ដើម្បីប្រារព្ធខួបលើកទី១៥ ចាប់តាំងពីការបង្កើតឡើងរបស់ក្រុមហ៊ុន លោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិបាននិយាយថា ៖”បន្ទះឈីបគឺជាផ្លូវស្នូលសម្រាប់ Xiaomi ដើម្បីបំបែកចូលទៅក្នុងបច្ចេកវិទ្យាទំនើប ដូច្នេះហើយយើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍវាឲ្យបានល្អបំផុត” ។
លោក Lei បានបន្ថែមទៀតថា ដើម្បីអាចសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ក្នុងការអភិវឌ្ឍបន្ទះឈីប Semiconductor របស់ Xiaomi ក្រុមហ៊ុនបានបង្កើតផែនការវិនិយោគដែលពាក់ព័ន្ធទៅនឹងគម្រោងនេះ យ៉ាងហោចណាស់ ៥០ពាន់លានយ៉ន់ ក្នុងរយ:ពេល ១០ឆ្នាំខាងមុខ។
រំឭកផងដែរថា Xiaomi ធ្លាប់បានបោះជំហានដំបូងចូលទៅក្នុងវិស័យបន្ទះ semiconductors សម្រាប់ស្មាតហ្វូនម្តងរួចហើយ ជាមួយនឹងការចេញនូវបន្ទះឈីបដំបូងបង្អស់របស់ក្រុមហ៊ុនមានឈ្មោះថា Surge S1 ក្នុងឆ្នាំ២០១៧។ ប៉ុន្តែក្រោយក្រុមហ៊ុន ត្រូវបង្ខំចិត្តបញ្ឈប់ការផលិតបន្ទះឈីបនេះវិញ ដោយសារតែមានឧបសគ្គផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ហើយចាប់តាំងពីនោះមក ពួកកេបានងាកមកផ្តោតលើផ្នែកផ្សេងទៀត ដូចជាការផ្លាស់ប្តូរទៅក្នុងវិស័យរថយន្តអគ្គិសនី ជាដើម។
ជម្រាបជូនផងដែរថា ជុំវិញការប្រកាសអំពីផែនការអភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួនរបស់ Xiaomi នេះ ត្រូវធ្វើឡើង នៅចំពេលកំពុងភាពតានតឹងផ្នែកបច្ចេកវិជ្ជាដែលកើនឡើងឥតឈប់ឈរ រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ខណៈដែលប្រទេសទាំងពីរ ស្វែងរកការធានានូវការចូលទៅប្រើប្រាស់សមាសធាតុទំនើបបំផុត៕

