កម្ពុជា នឹងមានព្រឹត្តិការណ៍ទេសចរណ៍ផ្សងព្រេងកីឡាយានយន្ត Overland លើកទី៣ ឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

Caravan Trip បានបង្ហាញពីគម្រោងរៀបចំព្រឹត្តិការណ៍ Overland លើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខ ដែលជាព្រឹត្តិការណ៍ទេសចរណ៍បែបផ្សងព្រេងកីឡាយានយន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញពីគម្រោងខាងលើ ក្នុងឱកាស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតក្រុម​ការងារ CPG Overland ដឹក​នាំ​លោក ហួរ ច័ន្ទវឌ្ឍនៈ ដែល​ជា​ប្រធានក្រុមការងារ Caravan Trip និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានសម្តែងការគាំទ្រចំពោះគម្រោងរៀបចំព្រឹត្តិការណ៍នេះ ដោយចាត់ទុកថា ជាសកម្មភាពដ៏មានសក្តានុពលក្នុងការជំរុញទេសចរណ៍កីឡាយានយន្ត និងទេសចរណ៍ផ្សងព្រេង ព្រមទាំងរួមចំណែកធ្វើពិពិធកម្មផលិតផលទេសចរណ៍កម្ពុជាឱ្យកាន់តែសម្បូរបែប និងទាក់ទាញ។

លោកបន្តថា ព្រឹត្តិការណ៍នេះ នឹងរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីៗ តំបន់ធម្មជាតិ និងសហគមន៍ទេសចរណ៍ទៅកាន់សាធារណជនឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងបង្កើតចរន្តភ្ញៀវទេសចរក្នុងស្រុក ជំរុញការប្រើប្រាស់សេវាកម្មស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មទេសចរណ៍ផ្សេងៗ ដែលនឹងជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមការងារយកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់ ដោយផ្តោតសំខាន់លើការការពារបរិស្ថាន ការគោរពវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍មូលដ្ឋាន ព្រមទាំងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ មន្ទីរទេសចរណ៍ វិស័យឯកជន និងសហគមន៍ពាក់ព័ន្ធ។

គួរបញ្ជាក់ថា ក្រុម CPG Overland (Car Club) ធ្លាប់បានរៀបចំព្រឹត្តិការណ៍ឦសាន Overland លើកទី១ និងលើកទី២ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road អន្តរជាតិ នៅខេត្តព្រះសីហនុ ព្រមទាំងពិព័រណ៍រថយន្ត Off-Road Show 2026 កាលពីពេលថ្មីៗនេះ នៅខេត្តកណ្ដាល។

ព្រឹត្តិការណ៍ Overland លើកទី៣ ត្រូវបានរំពឹងថា នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយទៀតសម្រាប់យុវជន អ្នកស្រឡាញ់ធម្មជាតិ និងអ្នកចូលចិត្តដំណើរផ្សងព្រេង ព្រមទាំងរួមចំណែកលើកកម្ពស់កិត្តិនាម និងបង្ហាញពីភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍កម្ពុជា៕