ក្រុមហ៊ុន Bangsheng Space-Time (Guangxi) Technology Co., Ltd. ដែលជាក្រុមហ៊ុនឈានមុខគេមួយរបស់ចិន កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីមកស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា។

ជំនួបនេះ បានធ្វើឡើងកាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូក្រុមហ៊ុន Bangsheng Space-Time (Guangxi) Technology Co., Ltd. ដឹកនាំដោយលោក Peng Wenbin ប្រធានក្រុមហ៊ុន។ ជំនួបនេះ ធ្វើឡើងដើម្បីស្វែងយល់បន្ថែមអំពីកាលានុវត្តភាព នៃការវិនិយោគលើវិស័យបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ លោកប្រធានក្រុមហ៊ុន បានសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ ផ្តល់ឱកាសឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដោយផ្ទាល់នាពេលនេះ។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាអង្គជំនួបទាំងមូលអំពី៖ប្រវត្តិ និងសាវតាក្រុមហ៊ុន, ជំនាញឯកទេស, បទពិសោធន៍, សមិទ្ធផលការងារធំៗ, និងទិសដៅវិនិយោគនៅកម្ពុជា លើវិស័យឯកទេសរបស់ខ្លួន។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានសម្លឹងឃើញកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពល និងមានភាពទាក់ទាញខ្ពស់។ ទន្ទឹមគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវគោលគំនិត និងអនុសាសន៍ចង្អុលបង្ហាញមួយចំនួន ដើម្បីក្រុមហ៊ុនអាចយកជាមូលដ្ឋានក្នុងការបន្តជំហានបន្ទាប់របស់ខ្លួនក្នុងការវិនិយោគនៅកម្ពុជាឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់បំផុត។
សូមជម្រាប់ដែរថា គម្រោងវិនិយោគចំនួន២៧៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា បើគិតត្រឹមក្នុងមួយឆមាសទី១ នៃឆ្នាំ២០២៦នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កម្ពុជាក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦៕អត្ថបទ៖ហ្សាលីន



