កម្ពុជា-ហ្វីលីពីន ឯកភាពគ្នា បន្តជំរុញការនាំចេញអង្ករ និងការតភ្ជាប់ជើងហោះហើរបន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.) បានឯកភាពគ្នាជំរុញការនាំចេញអង្ករ និងការតភ្ជាប់ជើងហោះហើរទ្វេភាគីបន្ថែមទៀត សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងការតភ្ជាប់រវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឯកភាពនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤  ក្នុងពេលថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យសំខាន់ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងហ្វីលីពីន ដែលរួមមានដូចជា៖ វិស័យពាណិជ្ជកម្ម វិស័យការពារជាតិ និងការតភ្ជាប់។

 ក្នុងវិស័យពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ដើម្បីសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀត ដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ដោយក្នុងនោះ៖ ចំពោះការតភ្ជាប់ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយ សម្តេចធិបតី និងប្រធានាធិបតី បានឯកភាពគ្នា ដើម្បីសិក្សា និងជំរុញការតភ្ជាប់ជើងហោះហើរបន្ថែមទៀត និងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រវាងប្រទេសទាំងពីរឱ្យបានកាន់តែសម្បូរបែប»។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនេះ ក្រៅពីឯកភាពគ្នាបន្តជំរុញការនាំចេញអង្ករ និងការតភ្ជាប់ជើងហោះហើរហើយនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការល្អប្រសើរនាពេលកន្លងមក ខណៈថ្នាក់ដឹកនាំទាំងពីរ ក៏បានប្ដេជ្ញាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិបន្ថែមទៀត ដើម្បីឈានទៅដល់ការធ្វើលំហាត់រួមគ្នាទ្វេភាគីនាថ្ងៃអនាគត។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការងារមួយចំនួនទៀតពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម រវាងកម្ពុជា-ហ្វីលីពីនផងដែរ ៕ អត្ថបទ៖ រង្សី