សេដ្ឋកិច្ចរបស់មហាយក្សចិន មានកំណើនយឺតបំផុត ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ

អន្តរជាតិ

ការវិនិយោគ និងការប្រើប្រាស់ខ្សោយកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី២ លើលោក ដែលបណ្តាលឲ្យមានកំណើនត្រឹមតែ ៤,៣% ប៉ុណ្ណោះ នៅក្នុងត្រីមាសទី៤ នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៥ ខែកក្កដា ការិយាល័យស្ថិតិជាតិចិនបានប្រកាសថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានកើនឡើង ៤,៣% នៅក្នុងត្រីមាសទីពីរ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រានេះគឺទាបជាងត្រីមាសទីមួយ (៥%) ដែលមានកំណើនយឺតជាងការព្យាកររបស់អ្នកវិភាគ ហើយក៏ជាអត្រាយឺតបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០២២ មកផងដែរ។

គួរឲ្យដឹងថា ក្នុងឆមាសទីមួយនៃឆ្នាំនេះ ការវិនិយោគលើទ្រព្យសកម្មថេរក្នុងទីក្រុង ដូចជាអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ បានធ្លាក់ចុះ ៥,៧% បើប្រៀបធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ស្របពេលអត្រាគ្មានការងារធ្វើរបស់ប្រទេសចិន ក្នុងខែមិថុនា គឺស្ថិតនៅកម្រិត ៥%។

សេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងអតុល្យភាពនៃការផ្គត់ផ្គង់-តម្រូវការ កាន់តែខ្លាំងឡើង។ ផលិតកម្មឧស្សាហកម្ម និងការនាំចេញដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិតសកល នៅតែបន្តជាម៉ាស៊ីននៃកំណើន។ ប៉ុន្តែទន្ទឹមនឹងនេះ ការប្រើប្រាស់ និងការវិនិយោគឯកជនកំពុងចុះខ្សោយខ្លាំង ដោយសារតែតម្លៃថាមពលប្រែប្រួល និងវិបត្តិអចលនទ្រព្យអូសបន្លាយ។

ជម្រាបជូនផងដែរថា ទីក្រុងប៉េកាំង បានបន្ថយគោលដៅកំណើនរបស់ខ្លួននៅឆ្នាំនេះ មកត្រឹម ៤,៥-៥%ប៉ុណ្ណោះ។ នេះគឺជាគោលដៅទាបបំផុតចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ មក ដោយសារតែតម្រូវការក្នុងស្រុកថយចុះ និងភាពតានតឹងពាណិជ្ជកម្មដែលកំពុងបន្តជាមួយដៃគូជំនួញធំៗដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ៕​