លោក ត្រាំ ថាអាមេរិក នឹងបន្តដាក់ពន្ធគយខ្ពស់ បើកម្ពុជា និងថៃមិនបញ្ចប់ការបាញ់គ្នាទេនោះ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ កាលពីថ្ងៃទីទី២៧ ខែកក្កដាកន្លងទៅ បានធ្វើការបញ្ជាក់សារជាថ្មីថា សហរដ្ឋអាមេរិក និងបន្តដាក់ពន្ធគយខ្ពស់ ៣៦% លើប្រទេសទាំងពីរ បើទាំងថៃ និងកម្ពុជា មិនអាចឈានដល់ការបញ្ឈប់ជម្លោះប្រដាប់អាវុធ ដែលកំពុងបន្តនៅតាមព្រំដែនទេនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងសន្និសីទកាសែតមួយ បន្ទាប់ពីជំនួបចរចាពាណិជ្ជកម្មរវាងប្រធានគណ:កម្មការអឺរ៉ុប លោក ស្រី Ursula von der Leyen លោក ត្រាំ បានលើកឡើងថា ៖”​ ខ្ញុំនឹងមិនបន្តដោះស្រាយពាណិជ្ជកម្មជាមួយកម្ពុជា-ថៃទៀតឡើយ លុះត្រាតែប្រទេសទាំងពីរ យល់ព្រមដោះស្រាយជម្លោះប្រដាប់អាវុធ”។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ ទាំងកម្ពុជា និងថៃ សុទ្ធសឹងតែស្ថិតនៅក្នុងការចរចាជាមួយអាមេរិកដូចគ្នា ដើម្បីស្នើឲ្យប្រទេសមហាអំណាចមួយនេះ យល់ព្រមទម្លាក់ពន្ធគយលើការនាំចូលទំនិញរបស់ខ្លួន។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតីអាមេរិក ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា លោកចាត់ទុកនេះជាកិត្តិយសដ៏ធំមួយ បើសិនបើអាចដោះស្រាយបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃ បានដោយជោគជ័យនោះ។

លោក ត្រាំ បានមើលឃើញថា មេដឹកនាំប្រទេសទាំង២ សុទ្ធតែមានបំណងចង់ដោះស្រាយបញ្ចប់សង្គ្រាមដូចគ្នា។ ប្រធានាធិបតីអាមេរិក ក៏បានជូនដំណឹងទឿតថា អាមេរិក នឹងចូលរួមជួយដោះស្រាយក្នុងជម្លោះនេះ ខណៈលោក Marco Rubio រដ្ឋមន្រ្តីការបរទេសអាមេរិក កំពុងធ្វើកិច្ចការដោយផ្ទាល់ជាមួយភាគីកម្ពុជា-ថៃ ដែលគ្រោងមានជំនួបជាមួយគ្នា នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ៕