ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និង លោក Diao Yunfeng អនុប្រធាន Haier Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសសម្ដេចអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត (World Artificial Intelligence Conference) នៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំ Haier Group បានជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុន និងផែនការពង្រីកការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការសហការជាមួយ SAM SN GROUP ដើម្បីបង្កើតក្រុមហ៊ុន KH Haitech Co., Ltd. និងអភិវឌ្ឍរោងចក្រផលិត និងដំឡើងថេប្លេត ក្រោមម៉ាក KHaitech ព្រមទាំងជំរុញការអភិវឌ្ឍតំបន់ឧស្សាហកម្មបៃតងទំនើប។
គម្រោងនេះមានគោលបំណងផ្គត់ផ្គង់ឧបករណ៍ឌីជីថលដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីគាំទ្រដល់វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះផែនការវិនិយោគរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តគោលនយោបាយបើកចំហ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់វិនិយោគិន តាមរយៈបរិយាកាសវិនិយោគប្រកបដោយស្ថិរភាព ភាពអាចព្យាករបាន និងលក្ខខណ្ឌអំណោយផល សំដៅលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្ម បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យ Haier Group បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុក និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពីគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងពង្រីកការវិនិយោគរយៈពេលវែងនៅកម្ពុជា។
សូមបញ្ជាក់ថា Haier Group គឺជាសាជីវកម្មបច្ចេកវិទ្យាឈានមុខគេមួយរបស់ពិភពលោក ដែលមានបុគ្គលិកជាង ១៤០,០០០នាក់ ប្រតិបត្តិការនៅជាច្រើនប្រទេស និងកាន់កាប់ម៉ាកល្បីៗជាច្រើន រួមមាន Haier, Casarte, Leader, GE Appliances, Fisher & Paykel, AQUA និង Candy។ ក្រុមហ៊ុនក៏ត្រូវបាន Euromonitor International ចាត់ថ្នាក់ជាម៉ាកគ្រឿងប្រើប្រាស់ក្នុងផ្ទះលេខ១ លើពិភពលោក រយៈពេល ១៧ឆ្នាំជាប់ៗគ្នា ដែលឆ្លុះបញ្ចាំងពីសក្តានុពល និងភាពជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍សកល។





