កម្ពុជា-វៀតណាម ឯកភាពរៀបចំនិតិវិធី និងផ្នែកច្បាប់ពាក់ព័ន្ធ សម្រួលដល់ការដឹកជញ្ជូនតាមផ្លូវគោក

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយករង នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម បានសម្រេចឯកភាពគ្នា លើការបន្តបំពេញនីតិវិធី និងការរៀបចំផ្នែកច្បាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវគោកបានពេញលេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចប្រជុំទ្វេភាគី ស្ដីពីការផ្លាស់ប្ដូរយោបល់លើការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោក រវាងកម្ពុជា និងវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង កម្ពុជា)-តឹនណាម (ខេត្តតៃនិញ វៀតណាម) នៅប្រទេសវៀតណាម នាថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីវៀតណាមដឹកនាំដោយ លោកស្រី ផាន់ ធី ធូ ហៀន អគ្គនាយករង នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម។

ភាគីទាំងពីរ បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់លើនីតិវិធី និងលក្ខខណ្ឌចាំបាច់នានា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោកកម្ពុជា-វៀតណាម អាចដំណើរការបាននៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (កម្ពុជា) – តឹនណាម (វៀតណាម) បានពេញលេញ ស្របតាមបទប្បញ្ញត្តិច្បាប់ និងឯកសារគតិយុត្តដែលមានជាធរមាន។

កិច្ចប្រជុំដែរ ភាគីទាំងពីរបានឯកភាពលើការបន្តបំពេញនីតិវិធី និងការរៀបចំផ្នែកច្បាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យការដឹកជញ្ជូនតាមផ្លូវគោកឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ដំណើរការទៅបានពេញលេញនាពេលឆាប់ៗខាងមុខ។ ការអនុវត្តនេះនឹងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការដឹកជញ្ជូន ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

សូមជម្រាប់ថា ក្នុងឱកាសនោះដែរ ប្រតិភូនៃប្រទេសទាំងពីរ ក៏បានអញ្ជើញចុះទស្សនកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងនៃហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំប្រតិបត្តិការនៅច្រកទ្វារព្រំដែន សំដៅគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោករវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ៖ហ្សាលីន