កាន់តែធំ កាន់តែអស្ចារ្យ! ពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ វិលត្រឡប់មកវិញហើយជាមួយស្តង់រហូតដល់ ១២២ នាំយកបទពិសោធន៍ថ្មី និងស្នាដៃឯកខ្មែរ បើកបង្ហាញទៅកាន់ពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

មហាព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំបំផុត និងជាពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ប្រចាំឆ្នាំ២០២៦ ដែលបណ្ដុំទៅដោយក្រុមហ៊ុនផ្តល់សេវាកម្មរៀបចំពិធីមង្គលការដ៏សម្បូរបែប រួមមានទាំង សម្អាងការ ចុងភៅ ពិធីការ ការតុបតែង ថតរូប ភេសជ្ជៈ គ្រឿងអលង្ការរួមទាំងសេវាកម្មពាក់ព័ន្ធជាច្រើន នឹងរួមគ្នាប្រមូលផ្តុំគ្រប់សេវាកម្មអាពាហ៍ពិពាហ៍ទាំងអស់ មកដាក់តាំងបង្ហាញពីផលិតផលសេវាកម្មនីមួយៗ រយៈពេលបីថ្ងៃនៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនធ័រ សែនសុខ រាជធានីភ្នំពេញនៅថ្ងៃទី ២៤ – ២៥ – ២៦ខែកក្កដា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការត្រឡប់មកវិញនៃព្រឹត្តិការណ៍តាំងពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំបំផុតប្រចាំរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២៦ នេះនឹងប្រព្រឹត្តក្រោមវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា លោក មាន សំអុល នាយកគ្របគ្រងការអភិវឌ្ឍន៍អាជីវកម្ម តំណាង ដឹ ព្រេមៀ សែនធ័រ សែនសុខ បានបង្ហាញឱ្យឃើញពីការរីកលូតលាស់យ៉ាងលឿនគួរឱ្យកត់សម្គាល់នៃពិព័រណ៍នេះ។ ចាប់ផ្តើមដំបូងឡើយកាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះសម្រេចបានស្តង់ត្រឹមតែ ៦៩ ប៉ុណ្ណោះ ហើយបានបន្តកើនឡើងដល់ ៧៩ ស្តង់នៅក្នុងឆ្នាំ២០២៥។ ដោយឡែកសម្រាប់ការវិលត្រឡប់មកវិញលើកទី៣ នៅក្នុងឆ្នាំ២០២៦ នេះ កម្មវិធីបានទាក់ទាញការចូលរួមរហូតដល់ទៅ ១២២ ស្តង់ ដែលជាតួលេខដ៏អស្ចារ្យ និងសបញ្ជាក់ពីទំនុកចិត្តដ៏មុតមាំរបស់ដៃគូអាជីវកម្មទាំងអស់មកលើការរៀបចំរបស់ក្រុមហ៊ុន។

លោកបន្តថា ការសម្រេចចិត្តរៀបចំព្រឹត្តិការណ៍នេះឡើង គឺធ្វើឡើងស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកចំហលំហសេដ្ឋកិច្ចទីផ្សារសេរីដើម្បីទាក់ទាញលំហូរវិនិយោគទុន។ ផ្អែកតាមការវាយតម្លៃរបស់រាជរដ្ឋាភិបាល ចំនួនប្រជាជនកម្ពុជានឹងកើនឡើងដល់ ២០លាននាក់នៅឆ្នាំ២០៣០ និងកើនដល់ ២៥លាននាក់នៅឆ្នាំ២០៥០ ដែលនេះជាកត្តាជម្រុញឱ្យតម្រូវការទីផ្សារ និងការរៀបចំគ្រួសារថ្មីមានការកើនឡើងជាលំដាប់។

លោកជំទាវ ឡុងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានមានប្រសាសន៍លើកឡើងយ៉ាងស៊ីជម្រៅថា ពិព័រណ៍នេះគឺជាវេទិកាវប្បធម៌ដ៏មានតម្លៃមួយ ដែលមិនត្រឹមតែបង្កភាពងាយស្រួលដល់គូស្វាមីភរិយាថ្មីក្នុងការរៀបចំផែនការមង្គលការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងបង្ហាញពីភាពល្អប្រណិតនៃការច្នៃប្រឌិតទាន់សម័យ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ ប្រពៃណី និងស្នាដៃឯកដ៏រស់រវើករបស់ដូនតាខ្មែរទៅកាន់មហាជន ភ្ញៀវជាតិ និងអន្តរជាតិតាមរយៈបណ្តាញផ្សព្វផ្សាយនានា។

សូមជម្រាបជូនថា ដើម្បីញ៉ាំងឱ្យកម្មវិធីកាន់តែមានភាពអធិកអធម និងបង្កើនភាពសប្បាយរីករាយទ្វេដង ក្រុមហ៊ុនដែលបានចូលរួមរៀបចំកម្មវិធីក៏បានបន្ថែមនូវបទពិសោធន៍ប្លែកៗជាច្រើនសម្រាប់អ្នកចូលរួមទាំងអស់។ រាល់គូស្រករដែលអញ្ជើញមកកក់សេវាកម្ម ក៏ដូចជាអតិថិជនដែលជាវសម្ភារផ្សេងៗតាមស្តង់នីមួយៗ នឹងទទួលបានឱកាសចាប់រង្វាន់លើកទឹកចិត្តភ្លាមៗនៅថ្ងៃកម្មវិធីតែម្តង។ មិនតែប៉ុណ្ណោះ សូម្បីតែភ្ញៀវកិត្តិយសដែលអញ្ជើញមកកម្សាន្ត និងទស្សនាក៏មានឱកាសទទួលបានការចាប់រង្វាន់ផងដែរ ព្រមទាំងអាចរីករាយជាមួយសួនកម្សាន្តសម្រាប់កុមារ និងការទស្សនាការប្រគុំតន្ត្រីខ្នាតធំពីសំណាក់តារាចម្រៀងល្បីៗដោយសេរី និងឥតគិតថ្លៃ៕