រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រសួងគ្រោងនឹងបង្កើតប្រព័ន្ធ ស៊ិនស័រ(Sensor) បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីគ្រប់គ្រងអ្នកបើកបរកុំឱ្យបញ្ជារថយន្តលើសល្បឿនកំណត់ ដែលអាចនឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នេះគឺជាការលើកឡើងរបស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា ក្រសួងសាធារណការ បានជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញរួចហើយដើម្បីឈានទៅបង្កើតប្រព័ន្ធមួយគ្រប់គ្រងអ្នកបើកបររបស់ក្រុមហ៊ុនប្រកបអាជីវកម្មទាំងនេះកុំឱ្យបើកបរលើសល្បឿនកំណត់។ លោករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា៖ «យើងនឹងរៀបចំប្រព័ន្ធ Sensor មួយបំពាក់ទៅលើរថយន្តធំៗ រថយន្តទេសចរណ៍ ក៏ដូចជា រថយន្តដឹកទំនិញ ពេលណាដែលគាត់បើកលើសល្បឿនគឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុន នឹងអាចមានវិធានការផ្ទាល់តែម្ដងជាមួយនឹងអ្នកបើកបរកុំឱ្យគាត់បើកបរលើសល្បឿនកំណត់»។

លោកបានបញ្ជាក់ថា៖ «ឥឡូវយើងកំពុងតែពិនិត្យមើលបច្ចេកវិទ្យា ពីព្រោះយើងដឹងហើយថា មានទាំងបច្ចេកវិទ្យាប្រទេសចិន មានទាំងអាម៉េរិក មានទាំងអឺរ៉ុប តើបច្ចេកវិទ្យាមួយណាដែលយើងអាចប្រើប្រាស់ទៅសមស្របជាមួយនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់យើងផងដែរ។ សង្ឃឹមថា មិនយូរទេ យើងនឹងជំរុញកិច្ចការនេះឱ្យបានលឿន ដោយសារយើងត្រូវមានប្រព័ន្ធគ្រប់គ្រងមួយដែរបាទ ជូនទៅដល់ក្រុមហ៊ុន អីចឹងការសិក្សានេះអាចរុញឱ្យបានលឿន បាទ ក្នុងពេលឆាប់ៗនេះ»។
ក្រសួងសង្ឃឹមថា នឹងអាចឱ្យបងប្អូនប្រជាពលរដ្ឋយល់ច្បាស់ពីការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ៕ អត្ថបទ៖ហ្សាលីន

