ប្រមុខដឹកនាំកម្ពុជា បានប្រកាសអបអរសាទរ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលទទួលបានមេដាយមាស ដោយយកឈ្នះក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ ជើងទីមួយ ដោយលទ្ធផល ៣-២សិត នៅប្រទេសហ្វីលីពីន កាលថ្ងៃទី១៩ កក្កដា ២០២៦។

យោងតាមហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពូជា បានប្រកាសខសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅដល់ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ បន្ទាប់ពីវាយទម្លាក់ក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៣-១ កាលពីម្សិលមិញ និងនៅយប់ថ្ងៃនេះឈ្នះក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ៣-២ ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ នៅប្រទេសហ្វីលីពីន ថ្ងៃទី១៩ កក្កដា ២០២៦។

សម្តេចទាំងពីរ បញ្ជាក់ថា ជ័យជម្នះនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង ស្មារតីសាមគ្គី និងការលះបង់របស់ក្រុមជម្រើសជាតិកម្ពុជា ដែលបាននាំយកកិត្តិយសដ៏ធំធេងជូនជាតិមាតុភូមិ។
ក្នុងថ្ងៃដំណាលគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏បានប្រកាសអបអរសាទរ ក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជា ដែលបានឈ្នះមេដាយ ៨គ្រឿង (មេដាយមាស២ មេដាយប្រាក់៣ មេដាយសំរិទ្ធ៣) ក្នុងព្រឹត្តិការណ៍ប្រកួតជឺជីតស៊ូជើងឯកទ្វីបអាស៊ី លើកទី ១០ នៅប្រទេសកាហ្សាក់ស្ថាន ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣~១៩ កក្កដា ២០២៦។

សូមជម្រាបដែរថា ការវិវឌ្ឍន៍ដ៏អស្ចារ្យរបស់ក្រុមបាល់ទះផ្នែកបុរស ជម្រើសជាតិកម្ពុជា រហូតបានក្លាយជាជើងឯកពានរង្វាន់អាស៊ីអាគ្នេយ៍ (SEA V.Cup ប្ដូរមកពីឈ្មោះ SEA V.League) លើកទី៦ ឆ្នាំ២០២៦ (ជើងទី១) នៅប្រទេសហ្វីលីពីន តាមរយៈការផ្ដួលក្រុមខ្លាំងៗប្រចាំតំបន់ ដូចជាថៃ និងឥណ្ឌូនេស៊ី កំពុងផ្ទុះការកោតសរសើរជាខ្លាំងពីមហាជន ទាំងក្នុង និងក្រៅប្រទេស ហើយមានប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រអន្ដរជាតិបានលើកតម្កើងកម្ពុជា ប្រៀបបានជាស្ដេចបាល់ទះថ្មីប្រចាំតំបន់ទៀតផង។
គួរដឹងថា ក្រោយបើកទំព័រប្រវត្តិសាស្ដ្រថ្មី ដោយប្រែក្លាយពីក្រុមមិនស្ថិតក្នុងកែវភ្នែករបស់បណ្ដាប្រទេសក្នុងតំបន់ ក្លាយជាជើងឯកពានរង្វាន់ SEA V.Cup 2026 (ជើងទី១) ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅបន្ដបេសកកម្មការប្រកួតជើងទី២ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង ដែលការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែកក្កដាខាងមុខ។ ចាំមើលតើក្រុមជម្រើសជាតិកម្ពុជា នឹងអាចបង្កើតប្រវត្តិសាស្ដ្រថ្មីបន្ថែមទៀត ក្នុងនាមប្រទេសទី៣ ដែលគ្រងជើងឯក ទាំងជើងទី០១ និងជើងទី០២ បានឬទេ ខណៈកំណត់ត្រានេះ ឥណ្ឌូនេស៊ី និងថៃ ធ្លាប់ធ្វើបានរួចមកហើយ កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤៕អត្ថបទ៖ហ្សាលីន

